បរទេស៖ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានថា វិធានការទប់ទល់ជម្ងឺកូវិដ១៩ អាចនឹងត្រូវបានបង្កើន ឲ្យដល់កម្រិតខ្ពស់បំផុត ក្រោយសន្ទុះកំណើនឆ្លងខ្ពស់ ក្នុងថ្ងៃទីពីរ ស្របពេលដែលប្រទេសធ្វើការប្រយុទ្ធនឹងរលកឆ្លងទី៣។
ដោយចូលរួមជាអធិបតីលើកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំង ជម្ងឺនិងសុវត្ថិភាពកណ្ដាល សម្រាប់ជាលើកដំបូងចាប់តាំងពីខែកុម្ភៈមកនោះ លោក មូន ជេអ៊ីន បានជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យមានកិច្ចប្រឹងប្រែងពេញលេញ ប្រឆាំងមេរោគថ្មីនោ។
ដោយពោលសំដៅដល់វិធានការ ទប់ស្កាត់ដ៏តឹងរឹងបំផុត ក្រោមប្រព័ន្ធ៥ថ្នាក់ របស់ប្រទេសនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើក្នុងពេលបច្ចុប្បន្ននេះ ការផ្ទុះឆ្លងមិនអាចទប់ស្កាត់បានទេនោះ វានឹងឈានដល់ចំណុចដ៏សំខាន់ នៃការពិចារណាបង្កើនវិធានការ គម្លាតទំនាក់ទំនងសង្គម ឲ្យដល់កម្រិតទី៣”៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)