ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីប្រទេស ស្វាស៊ីឡង់ ទទួលមរណភាព ដោយសារវីរុសកូវីដ១៩

បរទេស៖ រដ្ឋាភិបាលប្រទេស ស្វាស៊ីឡង់ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីស្វាស៊ីឡង់ ដែលជាប្រទេសរាជាធិបតេយ្យ ចុងក្រោយរបស់ទ្វីបអាហ្វ្រិក បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យមួយ នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Ambrose Dlamini អាយុ ៥២ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុង ប្រទេសអាហ្វ្រិកខាងត្បូងដែលជិតខាង កាលពីដើមខែធ្នូ ដែលមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានវីរុស។

ឧបនាយករដ្ឋមន្រ្តី Themba Masuku បាននិយាយថា “ ព្រះមហាក្សត្ររបស់ពួកគេបានបញ្ជាថា ខ្ញុំសូមជូនដំណឹងដល់ប្រជាជាតិ អំពីភាពសោកសៅ និងពេលវេលាមរណភាព របស់ឯកឧត្តមនាយករដ្ឋមន្រ្តី Ambrose Mandvulo Dlamini” ។

ដោយមិនបានបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់លោក Dlamini, លោក Themba Masuku បានបន្ថែមថា នាយករដ្ឋមន្រ្តីបានទទួលមរណភាពនៅរសៀលនេះ ខណៈពេលស្ថិតក្រោមការត្រួតពិនិត្យ សុខភាពនៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

សូមជម្រាបថា លោក Ambrose Mandvulo Dlamini នាយករដ្ឋមន្រ្តីប្រទេស ស្វាស៊ីឡង់ បានប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកា លោកបានធ្វើតេស្តវិជ្ជាមានវីរុសកូវីដ១៩ ប៉ុន្តែគាត់បាននិយាយថា គាត់មានអារម្មណ៍ល្អ និងមិនមានលេចរោគសញ្ញានោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top