វ៉ាស៊ីនតោន៖ លោក Robert Redfield ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានលើកឡើងថា លោកបានចុះហត្ថលេខា លើអនុសាសន៍របស់ក្រុមប្រឹក្សា CDC ដ៏សំខាន់មួយ ដើម្បីប្រើវ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ របស់ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន អាល្លឺម៉ង់ BioNTech ។
លោក Redfield បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ការចាក់វ៉ាក់សាំងដំបូង Pfizer នឹងចាប់ផ្តើម នៅដើមថ្ងៃចន្ទនេះហើយ។
លោកបានបន្ដថា“ កាលពីយប់មិញ ខ្ញុំមានមោទនភាព ដែលបានចុះហត្ថលេខា លើអនុសាសន៍របស់ គណៈកម្មាធិការប្រឹក្សា ស្តីពីការអនុវត្តការចាក់ថ្នាំ បង្ការរោគ ដើម្បីប្រើប្រាស់វ៉ាក់សាំង Pfizer លើក្រុមមនុស្សអាយុ ១៦ ឆ្នាំឡើងទៅ។
អនុសាសន៍ CDC ផ្លូវការនេះអនុវត្តតាមសេចក្តី សម្រេចចិត្ត កាលពីថ្ងៃសុក្ររបស់ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ក្នុងការផ្តល់សិទ្ធិឱ្យ ប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់។
លោក Redfiled បានឲ្យដឹងទៀតថា នៅពេលដែលករណីគ្របដណ្តប់ លើជំងឺកូវីដ-១៩ កំពុងបន្តកើនឡើងនៅពាសពេញប្រទេស ការផ្តល់អនុសាសន៍របស់ CDC កើតឡើងនៅពេលដ៏សំខាន់៕
ដោយ ឈូក បូរ៉ា
