ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បិទសាលារៀន និងបើកកន្លែងតេស្តថ្មី ដោយសារមាន ការផ្ទុះឆ្លងកូវីដ១៩

បរទេស៖ ក្រោយឃើញចំនួនកើនឡើង ប្រចាំថ្ងៃក្នុងករណី ឆ្លងជំងឺកូវីដ១៩ កាលពីចុងសប្ដាហ៍ ប្រទេសកូរ៉េខាងត្បូង បានពង្រីកកិច្ចប្រឹងប្រែងរបស់ខ្លួន ធ្វើការគ្រប់គ្រងលើការឆ្លងរាលដាន នៃមេរោគកូរ៉ូណា ដោយវិធានការនានា ដែលរួមបញ្ចូលទាំងការបិទសាលារៀន និងបើកកន្លែង ធ្វើតេស្ត១៥០កន្លែង បន្ថែមទៀត នៅក្នុងតំបន់ទីក្រុងសេអ៊ូល។

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានបញ្ជាឲ្យសាលារៀននៅក្នុងតំបន់ប្រជុំជន ទីក្រុងសេអ៊ូល ជាទីដែលមានករណី ជាភាគច្រើនកើតឡើង ឲ្យបែរទៅបង្រៀនថ្នាក់តាមអនឡាញ ទាំងស្រុង ចាប់ផ្តើមពីថ្ងៃអង្គារ សប្ដាហ៍នេះ រហូតដល់ចុងខែ។

ចំណែកអាជ្ញាធរ សុខាភិបាល ក៏បានចាប់ផ្តើមផ្តល់ ការធ្វើតេស្តរកជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ នៅតាមគ្លីនិកចំនួន១៥០កន្លែង ក្នុងទីក្រុងសេអ៊ូល នាថ្ងៃចន្ទនេះ អនុញ្ញាតឲ្យអ្នកទទួលធ្វើតេស្តមិនបាច់ប្រាប់ឈ្មោះ ទាំងអ្នកដែលបានឆ្លង ឬក៏អ្នកដែលមិនបានឆ្លង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងជម្ងឺកូវីដ១៩ថ្មី ដល់ទៅប្រមាណ១.០៥០ករណី ដែលនោះជាចំនួនឆ្លងប្រចាំថ្ងៃ​ ខ្ពស់បំផុត បង្ខំឲ្យអាជ្ញាធរសុខាភិបាល ប្រញាប់ប្រញាល់ ធ្វើការទប់ស្កាត់ រលកទី៣នៃមេរោគថ្មី៕

ប្រែសម្រួល៖ប៉ាង កុង

To Top