តូក្យូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ ជប៉ុន លោក Nobuo Kishi បានឲ្យដឹងថា លោកបានឯកភាព ជាមួយសមភាគីចិន លោក Wei Fenghe ដើម្បីស្វែងរកការបង្កើត ខ្សែទូរស័ព្ទបន្ទាន់ រវាងមន្ត្រីរបស់ពួកគេ នៅពេលមានភាពតានតឹង ជុំវិញអធិបតេយ្យភាព កោះនៅសមុទ្រចិនខាងកើត។
មន្រ្តីក្រសួងការពារជាតិជប៉ុន បានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក Nobuo Kishi បានឡើងកាន់តំណែង ក្នុងខែកញ្ញា លោកបានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង ជុំវិញប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលក្រុងប៉េកាំងអះអាង និងហៅថាកោះដាយយូ។
លោក Nobuo Kishi បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីខ្សែអាត់វីដេអូថា “ខ្ញុំបានស្នើសុំយ៉ាងម៉ឺងម៉ាត់ថា មិនគួរចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើងនោះទេ” ។
ប្រទេសជិតខាងទាំងពីរ បានបង្កើតយន្តការទំនាក់ទំនង រវាងអាជ្ញាធរការពារជាតិ របស់ពួកគេនៅឆ្នាំ២០១៨ ដើម្បីចៀសវាងការប៉ះទង្គិចគ្នា ដោយចៃដន្យនៅតាមសមុទ្រ និងលើអាកាស។ ការបើកបណ្តាញទូរស័ព្ទបន្ទាន់ គឺជាសសរស្តម្ភនៃយន្តការ នាវាចរណ៍ដែនសមុទ្រ និងអាកាស ប៉ុន្តែប្រទេសទាំងពីរ មានការរីកចម្រើនតិចតួច ៕
ដោយ ឈូក បូរ៉ា