បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសតួកគី នឹងមិនបោះបង់ចោលសិទ្ធិ និងផលប្រយោជន៍ របស់ខ្លួន នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ដោយសារតែភាពអាច មានទណ្ឌកម្ម ឬក៏ការរិះគន់ ពីសហភាពអឺរ៉ុបនោះឡើយ។
ឆ្លើយតបនឹងសំនួរនៅរដ្ឋសភា ជាផ្នែកនៃកិច្ចពិភាក្សាកញ្ចប់ថវិកាប្រចាំឆ្នាំ លោក Mevlut Cavusoglu បានមានប្រសាសន៍ថា “វាមិនមែនជារឿង ដែលយើងត្រូវបោះបង់ចោល សិទ្ធិនិងផលប្រយោជន៍នានា នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ដោយសារតែយើងនឹង ប្រឈមមុខនឹងទណ្ឌកម្ម ឬក៏សហភាពអឺរ៉ុប នឹងធ្វើការរិះគន់យើងនោះទេ”។
គួរបញ្ជាក់ថា នៅជំនួបកំពូលមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាត្រៀមរៀបចំទណ្ឌកម្ម លើបុគ្គលក្នុងប្រទេសតួកគី ជុំវិញជម្លោះមួយជាមួយក្រិកនិងសាធារណរដ្ឋស៊ីប ស្តីពីការរុករករ៉ែក្នុងសមុទ្រ ប៉ុន្តែបានពន្យាពេលកិច្ចពិភាក្សាគ្នា ស្តីពីវិធានការកាន់តែតឹងរឹងខ្លាំង ឡើងណាមួយ រហូតដល់ខែមីនា៕
ប្រែសម្រួល៖ប៉ាង កុង