បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធ ឲ្យប្រទេសលទ្ធិប្រជាធិបតេយ្យ លោកខាងលិច ដោយលោកស្រីកោតសរសើរ ពីសមត្ថភាព រចនា ផលិតអាវុធកើនឡើង របស់តៃវ៉ាន់ ស្របពេលដែលលោកស្រី ចូលរួមពិធីសម្ភោធន៍ ប្រើនាវាចម្បាំង ផ្ទុកមីស៊ីលដ៏ទំនើប មួយគ្រឿង និងដាក់ដំណើរការ នាវាដាក់មីនថ្មី។
លោកស្រី ត្សៃ អ៊ីងវិញ បានធ្វើការអួតសរសើរថា កិច្ចការពារជាតិនៃកោះតៃវ៉ាន់ ដែលចិនអះអាង កម្មសិទ្ធិផងនោះ គឺជាអាទិភាពចម្បង ក្នុងទីចំពោះមុខ នៃការប្រជែងយោធា កើនឡើងពីទីក្រុងប៉េកាំង ដែលមិនដែលបដិសេធ ចំពោះការប្រើប្រាស់ កងកម្លាំង ដើម្បីដណ្ដើម យកកោះតៃវ៉ាន់ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
តាមសេចក្តីរាយការណ៍ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានការប្តេជ្ញាចិត្តនិងសមត្ថភាព អាចបំពេញកិច្ចការងារ កសាងនាវាដោយខ្លួនឯង ធ្វើឲ្យពិភពលោកមើលឃើញ ពីថាមពលស្រាវជ្រាវ និងអភិវឌ្ឍន៍ លើវិស័យការពារជាតិ របស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)