Covid-19

អ្នកការទូតមាត់រអិលអាមេរិកលោក Mike Pompeo នឹងត្រូវធ្វើចត្ដាឡីស័ក ក្រោយមានទំនាក់ទំនងផ្ទាល់ នឹងករណីជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងត្រូវធ្វើចត្ដាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។

មន្ត្រីរូបនោះបានបន្ថែមទៀតថា លោក Pompeo អាយុ ៥៦ ឆ្នាំបានធ្វើតេស្តអវិជ្ជមាន ហើយនឹងត្រូវបានតាមដានយ៉ាងដិតដល់ ពីក្រុមវេជ្ជសាស្ត្រនៃនាយកដ្ឋាននេះ។ អ្នកដែលឆ្លងវីរុសនេះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែហេតុផលភាពឯកជន។

សហរដ្ឋអាមេរិក កំពុងទទួលរងនូវចំនួនអ្នកឆ្លងវីរុស និងករណីមរណភាព ដែលខ្ពស់ជាងប្រទេសដទៃទៀត នៅលើពិភពលោក។ ថ្មីៗនេះមានមនុស្សប្រមាណ ៣,០០០ នាក់បានស្លាប់ដោយសារជំងឺ COVID-១៩ ដែលជាជំងឺបង្កឡើងដោយវីរុសនេះ។

លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឆ្លងវីរុសនេះប្រហែលមួយខែ មុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ទោះបីលោកបានជាសះស្បើយ បន្ទាប់ពីត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យអស់រយៈពេលត្រឹមតែ ៣ យប់ក៏ដោយ។ ហើយជំនួយការនិងបុគ្គលិកសេតវិមាន ជាច្រើននាក់ក៏បានរាយការណ៍ថា បានឆ្លងវីរុសនេះដែរ ៕

ដោយ ឈុល បូរ៉ា

To Top