បរទេស៖ នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង នាពេលថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអែស ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងសមុទ្រក្រហម ត្រៀមសម្រាប់សកម្មភាព ដែលអាចទៅរួចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះតាមការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែល KAN 11។
នាវាមុជទឹកប្រភេទ Dolphin ដែលប្រដាប់ជាចម្បងដោយមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីកនោះ ដោយទទួលបានការយល់ព្រមពីប្រទេសអេហ្ស៊ីប ដែលជាថែទាំងព្រែកជីក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សកម្មភាពធ្វើដំណើរឆ្លងកាត់របស់នាវាមុជទឹកអ៊ីស្រាអែលនេះ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយក្នុងចំណោមសញ្ញាព្រមានជាបន្តបន្ទាប់នាពេលថ្មីៗនេះ ចំពោះប្រទេសអ៊ីរ៉ង់ ស្តីពីការត្រៀមសម្រាប់ការវាយប្រហារអនាគត៕
ប្រែសម្រួល៖ប៉ាង កុង