ព័ត៌មានអន្តរជាតិ

ស្រ្តីជាអ្នកកាសែត ចិនម្នាក់ ជាប់ពន្ធនាគារ ៤ ឆ្នាំ ដោយសាររាយការណ៍ព័ត៌មាន នៅក្នុងការផ្ទុះឡើង ដំបូងវីរុសកូវីដ ១៩ នៅវូហាន

បរទេស៖ មេធាវីរបស់លោកស្រី ចាងបាននិយាយថា តុលាការនៅ សៀងហៃ កាលពីថ្ងៃចន្ទបានរកឃើញថា អ្នកសារព័ត៌មានពលរដ្ឋ ចាងហ្សាន មានពិរុទ្ធពីបទ «ឈ្លោះប្រកែកគ្នានិងបង្កឱ្យមានបញ្ហា» នៅក្នុងរបាយការណ៍ របស់លោកស្រី អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទីក្រុង វូហាន នៅដើមឆ្នាំនេះ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ចាង កេកេ បានសរសេរនៅលើធ្វីតធ័រថា “នៅម៉ោងប្រហែល ១២ រសៀលថ្ងៃច័ន្ទតុលាការស្រុកសៀងហៃ បានចេញសាលក្រមចំពោះករណីរបស់លោកស្រី ចាងហ្សាន ដោយលោកស្រី ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទបង្កជម្លោះនិងបង្កបញ្ហា” ។ ស្ត្រីរូបនេះបានចូលរួមស្តាប់សវនាការ ដោយអង្គុយនៅលើរទេះរុញ។

លោកស្រីចាងត្រូវបានឃុំខ្លួន នៅឯមន្ទីរឃុំឃាំងមួយ ក្នុងសង្កាត់ ពូដុង ក្រុងសៀងហៃចាប់តាំងពីពាក់កណ្តាលខែឧសភា។ ក្នុងខែមិថុនា លោកស្រីបានធ្វើពហិការ ដោយការបង្អត់ដើម្បី តវ៉ា នឹងការចាប់ខ្លួននាង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន លោកស្រីចាង ស្ថិតក្នុងចំណោមអ្នកកាសែតដំបូងគេ ដែលបានចុះយកព័ត៌មាន អំពីការផ្ទុះឡើងដំបូង នៃវីរុសកូវីដ១៩ នៅវូហានអំឡុងពេលបិទទីក្រុង៕

ប្រែសម្រួលៈ ណៃ តុលា

To Top