និយាយចំពោះប្រជាជន នៅលើពិភពលោក ឆ្នាំ២០២០ គឺជាឆ្នាំមិនធម្មតាដែល មិនអាចបំភ្លេចបាននោះទេ ។ ដោយឡែក ក្នុងឆ្នាំនេះ បុព្វេហេតុអវកាសចិនក៏ទទួលបាន ស្នាដៃជាច្រើនដែលពិតជា នឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រ ព្រមនិងបន្សល់ទុកចំណាប់អារម្មណ៍ ដ៏ជ្រាលជ្រៅក្នុងដួងចិត្តរបស់អ្នកផងទាំងពួង .
ឧទាហរណ៍ដូចជា៖ នាពេលថ្មីៗកន្លងទៅនេះ យានអវកាសវាស់ស្ទង់ChangE-5បានត្រឡប់មកភពផែនដីវិញ ព្រមទាំងបាននាំយកមកវិញនូវ សំណាកដំបូងពីភពព្រះចន្ទ បន្ទាប់ពីរំលង់អស់រយៈពេល ៤៤ឆ្នាំ ហើយក្នុងគ្រានេះ យានរុករក “Tianwen-1” ដែលជាយានរុករក ភពព្រះអង្គារទីមួយរបស់ប្រទេសចិន ដែលមានចម្ងាយពីភពផែនដីលើសពី ១រយលានគីឡូម៉ែ្រត កំពុងហោះហើរទៅកាន់ភពព្រះអង្គារ ដោយផ្ទុកសុបិនរបស់មនុស្សជាតិ ដែលចង់ស្វែងរកចក្រវាល នៅចុងខែកក្កដា ប្រព័ន្ធជាសកលនៃផ្កាយរណបនាំផ្លូវប៉ីតូវ-3 បានចាប់ដំណើរការ អាចផ្តល់សេវាកម្មពាក់ព័ន្ធ ដល់ប្រទេសចំនួន ១២០នៅលើពិភពលោក ដោយបានឈានចូលយុគសម័យ ដែលអាចផ្តល់សេវាកម្មជាសកល ប្រកបដោយគុណភាពខ្ពស់ និងផ្តល់សុខសុភមង្គលដល់មនុស្សជាតិ ។ល។
ក្នុងរយៈពេលតែមួយឆ្នាំ ប្រទេសចិនសម្រេចបាននូវ ភារកិច្ចអវកាសចំនួនជិត៤០លើក ស្នាដៃចិនលើវិស័យអវកាស ដែលគួរឱ្យកត់សម្គាល់ មានអំណោយផលជាក់ស្តែង សម្រាប់ឱ្យមនុស្សជាតិសម្រេច បានសុបិនដែលចង់ស្វែររក ភពផ្កាយកាន់តែវែងឆ្ងាយ ហើយក៏បានគោរពពាក្យសន្យា របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ផងដែរ ពោលគឺនឹងធ្វើកិច្ចសហប្រតិបតិ្តការ និងការប្រើប្រាស់អវកាសដោយសនិ្តវិធី ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ប្រព័ន្ធប៊ីតូវ-3 បានសម្រេចការបង្កើតប្រព័ន្ធ នៅទូទាំងពិភពលោក បានក្លាយជាប្រព័ន្ធផ្កាយរណបនាំផ្លូវ និងបញ្ជាក់ទីតាំងជាសកលទីបួន បន្ទាប់ពីប្រព័ន្ធ GPS របស់អាមេរិក ប្រព័ន្ធ GLONASS របស់រុស្ស៊ីនិងប្រព័ន្ធ Galileo របស់សហភាពអឺរ៉ុប ។
ផ្កាយរណបនាំផ្លូវរបស់ប្រទេសចិន នឹងគ្រោងផែនការ រចនាហើយ និងបង្កើតប្រព័ន្ធផ្កាយរណប នាំផ្លូវបែបថ្មីជូនចំពោះមនុស្សជាតិ ។ រីឯសំណាកភពព្រះចន្ទដែល យានអវកាសវាស់ស្ទង់ChangE-5បាននាំយកមកភពផែនដីវិញ មានការរំពឹងអាចបំពេញបន្ថែមចន្លោះខ្វះខាត អំពីប្រវតិ្តសាស្ត្រភូគព្ភៈសាស្ត្ររបស់ភពព្រះចន្ទ ហើយនឹងផ្តល់ភស្តុតាងបែបវិទ្យាសាស្ត្រ ដ៏សំខាន់សម្រាប់ឱ្យមនុស្សជាតិស្វែងយល់ ពីដំណើរវិវឌ្ឍរបស់ព្រះអាទិត្យតាមរយៈភពព្រះចន្ទ ។
ដោយឡែក យានរុករក “Tianwen-1” ដែលជាយានរុករកភពព្រះអង្គារទីមួយ របស់ប្រទេសចិនបាននិងកំពុង ហោះហើរទៅកាន់ភពព្រះអង្គារ ឆ្លងតាមរយៈការស្វែងយល់ពីភពព្រះអង្គារ យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ មនុស្សយើងនឹងយល់ដឹងឱ្យបាន កាន់តែច្រើនពីខ្លួននិងចក្រវាល ។
ជឿជាក់ថា នៅពេលអនាគតមិនជាយូរប៉ុន្មាន មនុស្សជាតិនឹងទទួលបានចំណេះដឹងថ្មី កាន់តែច្រើនដែលមកពីភពផ្កាយដទៃទៀត ក្នុងន័យជំរុញវឌ្ឍនភាពរួមនៃ បច្ចេកវិទ្យាជឿនលឿននិងផលិតកម្ម ចុងបំផុត អ្នកដែលទទួលបានផលប្រយោជន៍ គឺមនុស្សជាតិទាំងមូល ៕