ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែ យូអិនថា ខ្លួនមានគម្រោង ចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមរហូតដល់ ២០ភាគរយ នៅទីតាំង Fordow

បរទេស៖ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បាននិយាយប្រាប់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែអង្គការសហប្រជាជាតិថា ខ្លួនមានគម្រោងធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម រហូតដល់ទៅ២០ភាគរយ ជាកម្រិតមួយដែលខ្លួនធ្លាប់ទទួលបាននៅមុនកិច្ចព្រមព្រៀងឆ្នាំ២០១៥ នៅទីតាំង Fordow ស្ថិតនៅក្រោមភ្នំមួយ។ 

ការប្រកាសដូច្នេះ គឺជាសេចក្តីប្រកាសដ៏ថ្មីបំផុត នៅក្នុងចំណោមសេចក្តីប្រកាសជាច្រើនថ្មីៗនេះ ដែលប្រទេសអ៊ីរ៉ង់បានធ្វើឡើង ដល់ទីភ្នាក់ងារថាមពលអាតូមិកអង្គការសហប្រជាជាតិថា ខ្លួនមានគម្រោងងាកចេញថែមទៀត ពីកិច្ចព្រមព្រៀងដែលខ្លួនបានចាប់ផ្តើមបំពាននៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរសងសឹកចំពោះទីក្រុងវ៉ាស៊ីនតោន ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ និងបានដាក់ទណ្ឌកម្មអាមេរិកលើទីក្រុងតេអេរ៉ង់ជាថ្មី។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា “ប្រទេសអ៊ីរ៉ង់បានជូនដំណឹងដល់ទីភ្នាក់ងារថា ក្នុងគោលបំណងអនុវត្តតាមទង្វើស្របច្បាប់ ដែលអនុម័តដោយរដ្ឋសភារបស់ប្រទេសនោះ អង្គការថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ មានបំណងធ្វើការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតទាប ឲ្យកើនដល់ចំនួនរហូត២០ភាគរយ នៅរោងចក្រចម្រាញ់ឥន្ធនៈ Fordow “៕

ប្រែសម្រួល៖ប៉ាង កុង 

To Top