បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្ថែមធនាគារពាណិជ្ជរបស់ប្រទេសគុយបា ទៅក្នុងបញ្ជីហាមឃាត់របស់ខ្លួន ដោយនិយាយថា ខ្លួននឹងទប់ស្កាត់យោធារបស់ប្រទេសគុយបា មិនឲ្យទទួលបានអត្ថប្រយោជន៍ ពីប្រតិបត្តិការហិរញ្ញវត្ថុនោះទេ។
ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ធនាគារ Banco Financiero International S.A. ចូលក្នុងបញ្ជីហាមឃាត់គុយបា ចាប់ផ្តើមក្នុងដើមខែមករានេះ ដោយហៅវាថាជាធនាគារ ពាណិជ្ជគ្រប់គ្រងដោយយោធាគុយបា ដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ ពីប្រតិបត្តិការហិរញ្ញវត្ថុធ្វើឲ្យប៉ះពាល់ដល់ប្រជាជនគុយបា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយដាក់ធនាគារ BFI ក្នុងបញ្ជីហាមឃាត់នោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានហាមឃាត់ក្រុមហ៊ុនអាមេរិកនានា មិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយត្រង់ជាមួយធនាគារនោះទេ៕