បរទេស៖ យោងតាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីគម្រោងសម្រាប់សមយុទ្ធយោធាដ៏មានសក្ដានុពល ប៉ុន្តែភាគីទាំងពីរមានការព្រួយបារម្ភ ស្តីអំពីការជះឥទ្ធិពលរបស់សមយុទ្ធយោធានោះ លើប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាយ៉ាងតិចបំផុតចំនួនពីរលើក ក្នុងពេលមួយឆ្នាំ នៅមុនពេលមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា នៅក្នុងខែមីនា និងខែសីហា ហើយនៅក្នុងឆ្នាំ២០២០ ការហ្វឹកហាត់សម្រាប់ទីបញ្ជាការកងកម្លាំងចម្រុះ ត្រូវបានផ្អាក និងមានត្រឹមតែសមយុទ្ធទ្រង់ទ្រាយតូចប៉ុណ្ណោះ ធ្វើឡើងនៅចុងខែសីហា។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ក៏បានផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីការហ្វឹកហាត់ជាមួយវិធីដែលនឹងមិនបង្កហេតុដល់ប្រទេសកូរ៉េខាងជើង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MBN។ ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះបានអះអាងថា សហសមយុទ្ធយោធា គឺជាការត្រៀមសម្រាប់ការឈ្លានពាន៕