ព័ត៌មានអន្តរជាតិ

ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!

នៅថ្ងៃទី២៥ ខែធ្នូ ១៩៩១ គឺជាថ្ងៃទីអវសាន ដែលរបប នយោបាយ របស់សហភាពសូវៀត ទទួលមរណភាពទាំងស្រុង ព្រមទាំងបាននាំ ទៅជាមួយនូវចលនា កុម្មុយនីស្ត អន្តរជាតិជាមួយផង! នៅក្នុង ព្រឹត្តិការណ៍ពិភពលោកមួយនេះ មានឥស្សរជន ជាច្រើនដែលបានធ្វើ ការទស្សន៍ទាយ ចំពោះការដួលរលំប្រព័ន្ធសង្គមនិយមមួយនេះ ដែលក្នុងនោះរួមមាន អ្នកនិពន្ធនយោបាយ George Orwell ,លោក Winston Churchill រួមទាំងមិត្តរួមលេណដ្ឋាន Lenin ដែលត្រូវលោក Stalin មេដឹកនាំដ៏កំពូល របស់សូវៀត ពេលនោះបណ្ដេញចេញ ពីស្រុក គឺលោក Leon Trotsky ផង!។ ក៏ប៉ុន្តែការវាយតម្លៃ ដែលមានភាពត្រឹមត្រូវ យុទ្ធសាស្រ្ត និងប្រកបទៅដោយ ចក្ខុវិស័យ សច្ចភាព បំផុតនោះគឺលោក George Kennan!។

លោក George Kennan (១៩០៤-២០០៥ ) ជាអ្នកដែលបានបង្កើតឡើង នូវគោលនយោបាយទប់ស្កាត់ (Containment theory) ដែលក្នុងទ្រឹស្តីនេះ បានអះអាងដាច់ខាតថា “ នៅពេលណាមួយដែល លទ្ធិកុម្មុយនីស្តនិយម អស់លទ្ធភាពពង្រីក វាតទីទៅមុខទៀត វានឹងដួលរលំ ដោយខ្លួនឯងហើយ”……………..ប្រវត្តិសាស្រ្ត បានវិវត្តន៍ ទៅដូចនឹងអ្វី ដែលជាការវិភាគ វាយតម្លៃរបស់ George Kennanមែន!។

នៅខែកុម្ភៈ ១៩៤៦ ពេលនេះ George Kennan គ្រាន់តែជាមន្រ្តីការទូត ថ្នាក់មធ្យមម្នាក់ នៅក្នុងស្ថានទូតអាមេរិក ប្រចាំនៅសូវៀតប៉ុណ្ណោះ។ ហើយដើម្បីឆ្លើយតបទៅនឹង សំណួររបស់ក្រសួងរតនាគារ អាមេរិក ដែលផ្ញើជូនស្ថានទូតអាមេរិក ប្រចាំនៅ Moscow ដែលក្នុងលិខិតនេះបានចោទសួរថា ហេតុអ្វីបានជា សហភាពសូវៀតប្រឆាំង ជំទាស់ទៅនឹងការបង្កើត ធនាគារពិភពលោក (World Bank) និង មូលនិធិរូបិយវត្ថុ អន្តរជាតិ (International Monetary Fund) !។ ពេលនោះក្នុងឋានៈ ជាអ្នកទទួលបន្ទុកកិច្ចការ នយោបាយ នៅក្នុងស្ថានទូត លោក George F. Kennan បានផ្ញើឆ្លើយតបដោយជូនក្រសួងការបរទេសអាមេរិក នូវអត្ថបទវិភាគមួយ ក្រោមរូបភាពជាទូរលេខសម្ងាត់ ប្រមាណ ៥,៥០០ពាក្យ ដែលក្នុងខ្លឹមសារ របស់ទូរលេខសម្ងាត់នេះ លោកបានធ្វើការវិភាគ យ៉ាងលម្អិត ជុំវិញទស្សនៈ នយោបាយ របស់ Stalin ក្នុងការគិតពិចារណា ទាក់ទង ដល់អនាគតរបស់ មនុស្សលោក គោលដៅ និងយុទ្ធសាស្រ្តរបស់ សហភាពសូវៀត ដែលនឹងយកមក អនុវត្តមកលើ ក្របខណ្ឌរបស់ពិភពលោក ទាំងមូល! ចំណុចខ្លាំង និងគុណវិបត្តិ របស់របបនយោបាយកុម្មុយនីស្ត! ទន្ទឹមនេះមានសំណូមពរ ដោយបានលើកឡើង នូវវិធានការចាំបាច់មួយចំនួន ដើម្បីរារាំងទប់ស្កាត់ ដល់រលកក្រហមមួយនេះ!។

ក្នុងករណីបើទូរលេខ សម្ងាត់មួយនេះ ត្រូវបានផ្ញើជូន ក្រសួងការបរទេសអាមេរិកមុននេះ មួយឆ្នាំ ប្រហែលជាទូរលេខសម្ងាត់ មួយនេះបានក្លាយទៅជាក្រដាសអនាម័យ ឬ សរ ដែលគេត្រូវយកទៅទុកចោល ជាឯកសារ ឬមួយក៏ត្រូវបោះចោល នៅក្នុងធុងសំរាមបាត់ ទៅហើយ! ព្រោះមួយឆ្នាំមុននេះ សហរដ្ឋអាមេរិក និងសហភាពសូវៀត នៅតែជាដៃគូ សំខាន់មួយ ក្នុងប្លុកនយោបាយ រួមគ្នា ជាសម្ព័ន្ធមិត្តក្នុងការ វាយប្រហារមកលើកងទ័ព ហ្វាសស៊ីស អាល្លឺម៉ង់ ពីទិសខាងកើតផង ពីទិសខាងលិចផង!។

ក៏ប៉ុន្តែនៅ ខែកុម្ភៈ ឆ្នាំ១៩៤៦ ទូរលេខសម្ងាត់មួយនេះ ត្រូវបានក្រសួងការបរទេសអាមេរិក យកចិត្តទុកដាក់ ព្រមទាំងប្រធានាធិបតី Harry S. Truman បានបញ្ជាដោយផ្ទាល់ឱ្យបង្កើត អង្គភាព ធ្វើការសិក្សា មកលើទូរលេខសម្ងាត់របស់ George Kennan មួយនេះអោយបាន សុក្រឹតបំផុត!។ យោងលើការសិក្សា ទូរលេខសម្ងាត់នេះ អង្គភាពមួយនេះ បានលើកឡើង នូវគោលនយោបាយមួយ ដើម្បីទប់ស្កាត់ សហភាពសូវៀត ដោយឆែកមកលើ ទិន្នន័យវិភាគ និងចក្ខុវិស័យ របស់ទូរលេខសម្ងាត់មួយនេះទាំងអស់!។

ទូរលេខរបស់ George Kennan ត្រូវបានទុកដូចជាឯកសារ ប្រវត្តិសាស្រ្តមួយ ព្រោះទូរលេខសម្ងាត់មួយនេះ បានជៈឥទ្ធិពលយ៉ាងខ្លាំង មកលើគោលគំនិតនិងនយោបាយ ការបរទេស របស់សហរដ្ឋអាមរិក អស់រយៈកាល៤ ទសវត្សរ៍ គឺចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់ និងរហូតដល់ថ្ងៃដែល ប្រព័ន្ធសង្គមនិយម ដួលរលំទាំងស្រុងមក!។

គោលនយោបាយ ការបរទេស ក្នុងការដឹកនាំ ចង្អុលបង្ហាញ អោយនយោបាយក្រៅប្រទេស របស់អាមេរិក ត្រូវបានកសាងឡើង លើមូលដ្ឋាន នៃការសិក្សា វិភាគ របស់ George Kennan ហើយដែរ ត្រូវបានអ្នកយុទ្ធសាស្រ្តឱ្យឈ្មោះថា គោលនយោបាយ ទប់ស្កាត់(containment policy ) នោះ។

អាចនិយាយបានថា ក្រោយៗមក មានគោលនយោបាយ យ៉ាងច្រើនដូចជាទ្រឹស្ដី Domino របស់ Nixon , Reagan ផែនការសេដ្ឋកិច្ច Marshall Plan, អង្គការ NATO, អង្គការ SEATO, សន្ធិសញ្ញា Inter American Treaty of Reciprocal Assistance. Star War ។ល។ គឺសុទ្ធតែមានដើមកំណើត កើតចេញ ពីគោលនយោបាយ Containment Policy ដែលមានលោក George Kennan ជាអ្នកផ្ដួចផ្ដើមទាំងអស់!។

អាស្រ័យទៅដោយ ចរិកនយោបាយ ក្នុងសភាពការណ៍អន្តរជាតិ រាល់កាលៈទេសៈ និងក្នុងរាល់ដំណាក់កាល ព្រឹត្តិការណ៍នយោបាយ នីមួយៗ ដែរចាប់តាំងពី Harry Truman រហូតមកដល់ Trump ក្នុងគ្រប់ប្រធានាធិបតី ទាំង១៣ របស់អាមេរិក សុទ្ធតែបានដាក់ចេញ នូវយុទ្ធសាស្រ្ត យុទ្ធវិធីទាំងអស់ គឺពុំមានការផ្លាស់ប្ដូរណាមួយ គ្រាន់តែការប្រើពាក្យពេចន៍ ឱ្យពិរោះសមស្រប ទៅតាមសភាពការណ៍នីមួយៗ តែគោលដៅទាំងអស់ គឺមិនឆ្ងាយ ពីការរារាំងទប់ស្កាត់ មិនឱ្យប្រទេសណាមួយ ជាពិសេសគឺរុស្ស៊ី និងចិន មានឧត្តមភាព លើវិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ។ល។ ដែលមុននេះគឺដើម្បី រារាំងទប់ស្កាត់ កុំឱ្យលទ្ធិកុម្មុយនីស្ត មានការរីករាលដាល មកលើពិភពលោកនោះ!។

George Kennan ត្រូវបានចាត់ទុកជាអ្នក ដែលបានបង្កើតឡើង នូវនយោបាយទប់ស្កាត់មួយនេះ ហើយដែលគោលនយោបាយ ទប់ស្កាត់នេះ ត្រូវបានយកទៅអនុវត្ត នៅក្រោមរូបភាពយ៉ាងច្រើន ស្របតាមសភាពការណ៍ វិវត្ត របស់ចរន្តនយោបាយ សកលលោកក្នុងដំណាក់កាលនីមួយៗ!។

ទន្ទឹមទៅនឹងការ រត់ប្រណាំង សព្វាវុធ ក្នុងនោះក៏មានយុទ្ធសាស្រ្ត Star War ការផ្ដល់ជំនួយនិងការប្រឆាំង ទៅនឹងការផ្ដល់ជំនួយ ការធ្វើរដ្ឋប្រហារ និងការប្រឆាំង ទៅនឹងការធ្វើរដ្ឋប្រហារ ការធ្វើបដិវត្តន៍ និងការប្រឆាំង ទៅនឹងការធ្វើបដិវត្តន៍ ការដណ្ដើមប្រជាជន ការទន្ទ្រានកាន់កាប់ដីធ្លី ដោយអំពើហិង្សា ក៏បានកើតឡើង នៅក្នុងប្រទេសដែលជាចំណុចក្ដៅមួយចំនួន ដែលព្រឹត្តិការណ៍ទាំងនេះ កើតឡើង ស្របទៅតាមស្ថានភាព ជាក់ស្ដែង របស់ប្រទេសមួយនោះ ក្រោមការឃ្លាំមើល របស់ពួកNGOs ស្ថិតក្រោមស្លាក អង្គការមនុស្សធម៌ល។ល។

ក្រោយសង្រ្គាមលើកទី៣ នៅឥណ្ឌូចិន ជាពិសេស គឺក្រោយពីសង្រ្គាម នៅវៀតណាម ចប់ យុទ្ធសាស្រ្ត Containment Policy របស់អាមេរិក ក្រោមសម័យកាល របស់ប្រធានាធិបតី Jimmy Carter ជាពិសេសគឺ Ronald Reagan មក បានប្ដូរយុទ្ធវិធី ពីការការពារខ្លួន( Defensive) ទៅជាការវាយប្រហារ(Offensive)វិញ ដូចជាករណីនៅ Afghanistan ជាដើម! ដែលព្រឹត្តិការណ៍មួយនេះ ដូចដែល Brzezinski បានអះអាងថា ៖ “ នេះជាឱកាស ដែលអាមេរិកជូនជា Cadeau ឱ្យសូវៀតនូវ វៀតណាមមួយ ដោយឡែកសម្រាប់តែ សូវៀត ទទួលយក!”។

តាមរយៈ រូបមន្តវៀតណាម មួយនេះ អាមេរិកបានផ្ដល់ជំនួយ ជាអាវុធយុទ្ធភ័ណ្ឌ ទៅឱ្យពួក Contras នៅ Nicaragua ផ្ដល់ការគាំទ្រដល់ពួក UNITA ប្រឆាំងទៅនឹង រដ្ឋអំណាច Congo ។ ទន្ទឹមនេះ អ្នកកាន់អំណាច របស់អាមេរិក បានរុញផែនការ រត់ប្រណាំង សព្វាវុធ ឱ្យកាន់តែខ្លាំងក្លាសំដៅ ធ្វើឱ្យខឿនសេដ្ឋកិច្ច របស់សហភាពសូវៀត ធ្លាក់ទៅក្នុងឱនភាព ហើយក្ស័យធនទាំងស្រុង ចុងក្រោយធ្វើអោយ ប្រព័ន្ធសង្គមនិយម របស់សូវៀត កាន់តែចុះខ្សោយ ហើយរលំទៅដោយគ្មាន ឱសថព្យាបាលឡើយ! ។

គោលនយោបាយ Containment Policy បានរស់ឡើងវិញ ហើយត្រូវបានយកមកអនុវត្ត ក្រោមរូបភាព ជាសម្ព័ន្ធភាព សេដ្ឋកិច្ចអន្តរទ្វីបដូចជា TPP (Trans-Pacific Partnership) ក្រោមរូបភាព ជាយន្តការតំបន់ដូចជា LMI (LOWER MEKONG INITIATIVE ) ឬ Indo Pacifice ។ល។ ក្នុងគោលដៅយុទ្ធសាស្រ្ត តែមួយគត់ គឺដើម្បីរារាំងទប់ស្កាត់ គោលនយោបាយ BRI (Belt and Road Initiative) របស់ចិន៕

ដោយ ៖ ហើស សិរីធន

To Top
×