Covid-19

ឧត្តមសេនីយ៍ ប្រាយុទ្ធ៖ ថៃ នឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣៥លានដូសថែមទៀត

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដោយការបញ្ជាទិញសរុបរបស់ថៃមានចំនួន ៦៣ លានដូស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ មិនបាននិយាយថាតើកំរិតបន្ថែម នឹងចេញមកពីណានោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវប្រាកដថា វ៉ាក់សាំងគឺមានសុវត្ថិភាព គ្មានផលប៉ះពាល់និងស្របតាមស្តង់ដារ ដែលបានកំណត់ដោយរដ្ឋបាល ចំណីអាហារនិងឱសថអាមេរិក (FDA)។

លោកបានបញ្ជាក់ថា លោកបានណែនាំដល់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ និងវិទ្យាស្ថានវ៉ាក់សាំងជាតិ ឱ្យធ្វើការជាមួយ FDA ដើម្បីដោះស្រាយការចាក់វ៉ាក់សាំង។ លោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ការបញ្ជាទិញលើកដំបូងចំនួន ២ លានដូសនឹងមកពីប្រទេសចិនក្នុងរយៈពេល ៣ ខែទៀត ដោយរដ្ឋាភិបាលផ្តល់អាទិភាព ដល់អ្នកណាដែលគួរទទួលថ្នាំទាំងនេះ។

សូមជម្រាបថា ថ្មីៗនេះ ប្រទេសថៃក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca សម្រាប់វ៉ាក់សាំងការពារជំងឺកុវីដ១៩ចំនួន ២៦ លានដូស និងសិទ្ធិផលិតវ៉ាក់សាំង Covid-19 របស់ខ្លួននៅក្នុងប្រទេសថៃ ដោយមានការផ្គត់ផ្គង់រំពឹងទុកនៅខែឧសភា។ វ៉ាក់សាំងនោះនឹងត្រូវផលិតដោយក្រុមហ៊ុន Siam Bioscience របស់ប្រទេសថៃជាមួយនឹងរូបមន្ត និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ៕

ប្រែសម្រួលៈ ណៃ តុលា

To Top