បរទេស ៖ ប្រទេសចិន នៅថ្ងៃព្រសហ្បតិ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនឹងបង់តម្លៃធ្ងន់ធ្ងរ ចំពោះការប្រព្រឹត្តខុសឆ្គងរបស់ខ្លួន ក្រោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បាននិយាយថា អាមេរិកអាច នឹងដាក់ទណ្ឌកម្ម លើអ្នកទំាងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងរឿង ចាប់ខ្លួននៅហុងកុង និងថា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នឹងធ្វើទស្សនកិច្ចតៃវ៉ាន់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying តាមសេចក្តីរាយការណ៍ បានជំរុញសហរដ្ឋអាមេរិក ឲ្យឈប់ធ្វើការជ្រៀតជ្រែកភ្លាម ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក នឹងពិចារណាដាក់ទណ្ឌកម្ម និងការដាក់កំហិតផ្សេងទៀត លើអ្នកណាមួយ ព្រមទាំងបុគ្គលនិងអង្គភាពទាំងអស់ ដែលជាប់ពាក់ព័ន្ធ ក្នុងដំណើរប្រព្រឹត្តធ្វើការវាយប្រហារនេះ លើប្រជាជនហុងកុង”៕
ប្រែសម្រួល៖ប៉ាង កុង