ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី សឹង្ហបុរី ទទួលវ៉ាក់សាំង ការពារវីរុសកូវីដ១៩ ដូសដំបូង របស់ក្រុមហ៊ុន Pfizer-BioNTech

សឹង្ហបុរី៖ នាយករដ្ឋមន្រ្តី សឹង្ហបុរីលោក Lee Hsien Loong បានទទួលវ៉ាក់សាំង បង្ការជំងឺកូវិដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ (៨ មករា) ដែលបានក្លាយជា សមាជិកដំបូង នៃគណៈរដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវិដ១៩។

យោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Lee បានទទួលការចាក់ថ្នាំនេះ រួមជាមួយបុគ្គលិកមន្ទីរពេទ្យទូទៅ សិង្ហបុរី (SGH) ក្នុងពិធីបើកការចាក់វ៉ាក់សាំងជាផ្លូវការ សម្រាប់បុគ្គលិកសុខាភិបាល។

ស្ថាប័នថែទាំសុខភាព សាធារណៈ រួមទាំងមន្ទីរពេទ្យនិងពហុព្យាបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ។ SGH បានប៉ាន់ប្រមាណ ថាប្រហែលជា ៩០ នាក់នៃនិយោជិករបស់ខ្លួន នឹងចាក់វ៉ាក់សាំងនៅថ្ងៃដំបូង។

សូមជម្រាបថា វ៉ាក់សាំង Pfizer-BioNTech COVID-19 ត្រូវបានអនុម័ត ដោយប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន ហើយការដឹកជញ្ជូន លើកដំបូង បានមកដល់នៅថ្ងៃទី ២១ ធ្នូ។ 

ការចាក់ថ្នាំបង្ការ រោគ សម្រាប់មនុស្សចាស់និងអ្នកដែលមានហានិភ័យខ្ពស់ នៃការការពារ ជំងឺកូវីដ១៩ គឺនឹងចាប់ផ្តើមនៅ ខែកុម្ភៈដោយចាប់ផ្តើម ពីមនុស្សវ័យចំណាស់ដែលមានអាយុ លើសពី ៧០ ឆ្នាំ។ ការចាក់វ៉ាក់សាំងនឹងមិនគិតថ្លៃសម្រាប់ ប្រជាជនសិង្ហបុរីនិងអ្នករស់នៅ រយៈពេលយូរនៅក្នុងប្រទេសនេះ ផងដែរ៕

To Top