បរទេស៖ សមាជិករដ្ឋសភាមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់ នឹងបណ្ដេញមន្ត្រឃ្លាំមើល នុយក្លេអ៊ែ អង្គការសហប្រជាជាតិ ប្រសិនបើមិនដកទណ្ឌកម្ម តាមកាលកំណត់ថ្ងៃទី២១ ខែកុម្ភៈ ដែលកំណត់ ដោយរដ្ឋសភាទេនោះ។
សមាជិករដ្ឋសភា អ៊ីរ៉ង់ លោក Ahmad Amirabadi Farahani បានមានប្រសាសន៍យ៉ាងដូច្នេះថា “យោងទៅតាមច្បាប់ ប្រសិនបើអាមេរិក មិនដកទណ្ឌកម្ម ហិរញ្ញវត្ថុ ធនាគារនិងប្រេង នៅថ្ងៃទី២១ ខែកុម្ភៈទេនោះ យើងនឹងពិតជាបណ្ដេញ មន្ត្រីត្រួតពិនិត្យ នុយក្លេអ៊ែ យូអិន ចេញពីប្រទេស ហើយនឹងពិតជាបញ្ចប់ ការអនុវត្តដោយស្ម័គ្រចិត្ត នូវទម្រង់ការបន្ថែម”។
គួរបញ្ជាក់ថា រដ្ឋសភាអ៊ីរ៉ង់ បានអនុម័តច្បាប់មួយកាលខែវិច្ឆិកា ដែលផ្តល់សិទ្ធិឲ្យរដ្ឋាភិបាល ផ្អាកការត្រួតពិនិត្យ របស់ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ លើទីតាំងនុយក្លេអ៊ែ និងបង្កើនការចម្រាញ់ សារធាតុ អ៊ុយរ៉ានីញ៉ូម លើពីកម្រិតកំណត់ ដែលបានចែងក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ ប្រសិនបើទណ្ឌកម្ម មិនត្រូវបានបន្ធូរបន្ថយទេនោះ៕
ប្រែសម្រួល៖ប៉ាង កុង