បរទេស៖ សេចក្តីថ្លែងការណ៍មួយ ពីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមជំរុញ ការចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ ចាប់ពីថ្ងៃទី១៦ ខែមករា ជាមួយការផ្តល់អាទិភាព ឲ្យដល់បុគ្គលិក សុខាភិបាល និងអ្នកធ្វើការងារជួរមុខ ប្រហែល៣០លាននាក់។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានធ្វើការបង្ហាញពី ការត្រៀមលក្ខណៈ សម្រាប់កម្មវិធីចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ នៅថ្ងៃសៅរ៍នេះ។ ប្រទេសឥណ្ឌាសង្ឃឹមថា នឹងផ្តល់ថ្នាំវ៉ាក់សាំង ដល់មនុស្ស៣០០លាននាក់ ក្នុងចំណោមប្រជាជន ១,៣៥ពាន់លាននាក់ ដោយឥតគិតថ្លៃ ក្នុងរយៈពេលពី៦ទៅ៨ខែដំបូង ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ដោយមានចំនួនឆ្លងខ្ពស់បំផុត ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនោះ ប្រទេសឥណ្ឌា កំពុងតែអភិវឌ្ឍ ផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកចំនួនពីរ ហើយនៅថ្ងៃសៅរ៍នេះ ឥណ្ឌាមានករណីកូរ៉ូណាថ្មី ចំនួន១៨.២២២ករណី ធ្វើឲ្យមានចំនួនសរុប ឡើងដល់១០,៤៣លានករណី ៕
ប្រែសម្រួល៖ប៉ាង កុង