ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក ដាក់គុយបា ចូលក្នុងបញ្ជីរដ្ឋគាំទ្រ អំពើភេរវកម្ម

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ត្រឡប់ដាក់ប្រទេសគុយបា ចូលក្នុងបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្ម ជាការផ្លាស់ប្តូរកាន់តែឆ្ងាយ ពីយុទ្ធនាការសម័យលោក អូបាម៉ា ឆ្នាំ២០១៥ ដែលធ្វើឲ្យប្រសើរឡើងនូវ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនូវការបញ្ចុះបញ្ជីនោះ នៅក្នុងថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់លោក ត្រាំ ដោយរិះគន់ពីប្រទេសគុយបា ពីបទផ្តល់ការគាំទ្រម្តង់ហើយម្តងទៀត ចំពោះសកម្មភាពនៃអំពើភេរវកម្មអន្តរជាតិ តាមរយៈការផ្តល់ទី សុវត្ថិភាពសម្រាប់ពួកភេរវករ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ថា រដ្ឋាភិបាលគុយបា បានជាប់ពាក់ព័ន្ធក្នុងទង្វើជ្រៀតជ្រែក យ៉ាងអាក្រក់ក្នុងប្រទេសវេណេស៊ុយអេឡា និងផ្នែកផ្សេងទៀតនៃអឌ្ឍគោលខាងលិច ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top