បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសទណ្ឌកម្មលើ ជនជាតិអ៊ុយក្រែនមួយចំនួន ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធនឹង សមាជិកសភាគាំទ្ររុស្ស៊ី ដែលបានធ្វើការងារឲ្យប៉ះពាល់ ដល់ការបោះឆ្នោតជ្រើសប្រធានាធិបតី ឆ្នាំ២០២០ ដោយបង្កើតពាក្យចរចាមអារាម ស្តីពីប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន និងសមាជិកគ្រួសាររបស់លោក។
នៅលើបញ្ជីថ្មីនោះ មានសមាគមនិងអង្គភាពអ៊ុយក្រែនជាច្រើន មានជាប់ពាក់ព័ន្ធនឹងលោក Andrii Derkach ជាសមាជិករដ្ឋសភាអ៊ុយក្រែន មាននិន្នាការគាំទ្ររុស្ស៊ី ដែលរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មពីមុន ពីបទព្យាយាមធ្វើឲ្យប៉ះពាល់ ដល់ដំណើរការបោះឆ្នោត នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍យ៉ាងដូច្នេះថា “យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលផ្តោតគោលដៅលើពលរដ្ឋអាមេរិក គឺជាការគម្រាមកំហែងមួយ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង” ៕
ប្រែសម្រួល៖ ប៉ាង កុង