ព័ត៌មានអន្តរជាតិ

ជប៉ុន បដិសេធមិនទទួលស្គាល់ កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែ

បរទេស៖ ក្រោយសេចក្តីថ្លែងការណ៍មួយ ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអំឡុងសមាជបក្សលើកទី៨ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងមិនទទួលស្គាល់ប្រទេសកូរ៉េខាងជើង ថាជារដ្ឋអាវុធនុយក្លេអ៊ែនោះឡើយ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានមានប្រសាសន៍នៅថ្ងៃអង្គារ នៅក្នុងសន្និសីទកាសែតមួយថា ទីក្រុងតូក្យូបដិសេធមិនទទួលស្គាល់ កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែនោះឡើយ។ កាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង បានស្នើឲ្យបង្កើនការពង្រឹង អាវុធនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។

លោក គីម ជុងអ៊ុន បាននិយាយកាលពីសប្ដាហ៍មុនថា មីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ដែលមានសមត្ថភាព អាចវាយដល់សហរដ្ឋអាមេរិក គួរតែត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង សម្រាប់ការវាយប្រហារ ចំគោលដៅល្អឥតខ្ចោះ ហើយលោកក៏បានអះអាងផងដែរថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍផលិត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top