បរទេស៖ កាលពីថ្ងៃអង្គារលោក Mike Pence បានសម្តែងការប្រឆាំងជំទាស់ នឹងការធ្វើវិសោធនកម្មលើកទី ២៥ ប្រឆាំងនឹងលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយព្រមានថា ការប្រើច្បាប់នេះ ក្នុងលក្ខណៈបែបនេះនឹងក្លាយជា“ គំរូអាក្រក់” ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សភាតំណាងរាស្រ្តដែលគ្រប់គ្រង ដោយខាងអ្នកប្រជាធិបតេយ្យ បានអនុម័តនូវដំណោះស្រាយមួយ ដែលជំរុញឱ្យអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence យកមកប្រើសិទ្ធិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ផ្នែកទី ៤ នៃការធ្វើវិសោធនកម្មលើកទី ២៥ ដើម្បីដកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង សម្រាប់តួនាទីរបស់លោក នៅក្នុងកុបកម្ម ដែលបានកើតឡើង នៅវិមានកាពីតូល។
សភាបានអនុម័តវិធានការនេះ ដោយសំឡេងពី ២២០ ទៅ ២០៥ កាលពីថ្ងៃអង្គារ។ ច្បាប់នេះស្នើសុំឱ្យលោក Pence ទទួលតួនាទីជាប្រធានាធិបតីស្តីទី បន្ទាប់ពីប្រកាសថា លោក ត្រាំ “មិនអាចលះបង់ភារកិច្ច និងអំណាចក្នុងតំណែង។
ការជំរុញរបស់សភានេះ បានកើតឡើងបន្ទាប់ពីលោក Pence នៅក្នុងលិខិតមួយ ផ្ញើទៅប្រធានសភាលោកស្រី Nancy Pelosi កាលពីថ្ងៃអង្គារ បានបង្ហាញការប្រឆាំង ជំទាស់នឹងវិសោធនកម្មច្បាប់ទី ២៥ ដោយព្រមានលោកស្រីថា ការប្រើច្បាប់ក្នុងលក្ខណៈបែបនេះនឹងជា“ គំរូអាក្រក់” ៕ ប្រែសម្រួលៈ ណៃ តុលា