បរទេស៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលស្ថានភាពជំងឺកូវីដ១៩ កាលពីថ្ងៃសៅរ៍បានអោយដឹងថា បុរសម្នាក់នៅទីក្រុងបាងកកបានស្លាប់ ហើយមនុស្សចំនួន ២៣០ នាក់បានឆ្លងវីរុសកូវីដ១៩ ដូច្នេះសរុបអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសថៃ កើនឡើងដល់ ១១ ៦៨០នាក់ និងអ្នកស្លាប់ កើនដល់ ៧០នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមការលើកឡើងរបស់លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថា បុរសដែលស្លាប់នោះ មានអាយុ ៦៧ ឆ្នាំ ដែលធ្លាប់បានទៅកន្លែងកម្សាន្តចំនួនពីរដងគឺនៅថ្ងៃទី ២១ និង ២៣ ធ្នូ។
សូមជម្រាបថា អ្នកជំងឺកូវិដ១៩ នៅប្រទេសថៃសរុបមានចំនួន ១១ ៦៨០ នាក់ ចាប់តាំងពីវីរុសឆ្លងនេះ បានរាតត្បាតនៅខែមករា ឆ្នាំមុន ហើយក្នុងនោះ មានអ្នកជំងឺចំនួន ៨ ៩០៦ (៧៦,២៥%) បានជាសះស្បើយ និងអ្នកជំងឺចំនួន ២ ៧០៤ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ ៧០នាក់៕
ប្រែសម្រួលៈ ណៃ តុលា