ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ យូអិនអនុម័តមន្ត្រី សម្របសម្រួលយូអិនថ្មី សម្រាប់លីប៊ី

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តតែងតាំងមន្ត្រីការទូតជើងចាស់ លោក Jan Kubis ឲ្យកាន់តំណែងជាប្រេសិតអង្គការប្រប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ក្រោយរយៈពេលជិតមួយឆ្នាំបន្ទាប់ពីមន្ត្រីសម្របសម្រួលពីមុនបានចុះចេញពីតំណែង។ 

លោក Jan Kubis ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីនោះ នាពេលបច្ចុប្បន្ននេះ គឺជាមន្ត្រីសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ ហើយលោកក៏បានបម្រើការជាប្រេសិតពិសេសអង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ផងដែរ។ 

គួរបញ្ជាក់ថា ការតែងតាំងនេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខអនុម័តក្នុងខែធ្នូ នូវផែនការចេញដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យតែងតាំងមន្ត្រីការទូតប៊ុលហ្គារី លោក Nickolay Mladenov ឲ្យកាន់តួនាទីនៅលីប៊ី ប៉ុន្តែមួយសប្ដាហ៍ក្រោយមក លោក Nickolay Mladenov បាននិយាយថា លោកមិនអាចទទួលតំណែងនេះបានទេ ដោយសារតែហេតុផលផ្ទាល់ខ្លួននិងគ្រួសារ៕ 

To Top