ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកាតាក្នុងពេលឆាប់ៗនេះ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត រំពឹងថានឹងបើកឡើងវិញ នូវស្ថានទូតក្នុងប្រទេសកាតា ក្នុងពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ក្រោយមានកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងគាំទ្រដោយអាមេរិក កាលពីសប្ដាហ៍មុន ក្នុងជម្លោះរយៈពេល៣ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងរីយ៉ាដ នៅពេលត្រូវគេសួរពីការបើកឡើងវិញនូវស្ថានទូតនោះថា វាគ្រាន់តែជាបញ្ហានៃភាពសមហេតុផលប៉ុណ្ណោះ ហើយចំណងមិត្តភាពការទូតទាំងស្រុងនឹងបន្ត។ 

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានដាក់បម្រាមការទូត ជំនួញនិងការធ្វើដំណើរ លើប្រទេសកាតា នៅក្នុងពាក់កណ្ដាលឆ្នាំ២០១៧ ដោយចោទប្រទេសនេះពីបទគាំទ្រអំពើភេរវកម្ម ប៉ុន្តែកាតាបានបដិសេធចំពោះការចោទប្រកាន់នោះ និងនិយាយថា ការដាក់បម្រាមនោះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top