បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គួរតែប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង ដើម្បីកសាងភាព វិវត្តទៅមុខ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតឡើង ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លោក មូន ជេអ៊ីន ដែលស្នើសុំធ្វើជា អ្នកសម្របសម្រួល រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកនឹងស្វះស្វែងរកឱកាសជំរុញ បញ្ហាកូរ៉េខាងជើង ឲ្យក្លាយជាអាទិភាពនៃ គោលនយោបាយ បរទេស របស់លោក បៃដិន ដែលលោកនឹងបន្តធ្វើ លើកិច្ចព្រមព្រៀង ដែលលោក ត្រាំ និងលោក គីម បានសម្រេច នៅក្នុងជំនួបកំពូលដំបូង នៅក្នុងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រនោះ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានប្តេជ្ញាបង្កើតចំណងមិត្តភាពថ្មី និងធ្វើការងារឆ្ពោះទៅរកការលុបបំបាត់ ទាំងស្រុង នូវនុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ ប៉ុន្តែជំនួបកំពូល ជាលើកទីពីរ និងកិច្ចពិភាក្សា កម្រិតការងារ បានខ្វែងគំនិតគ្នា៕
ប្រែសម្រួល៖ប៉ាង កុង