វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិក ឱ្យទៅកិច្ចព្រមព្រៀង ប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួល អាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះ កិច្ចព្រមព្រៀង ដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើម របស់អតីតប្រធានាធិបតីលោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។
ប៉ុន្មានម៉ោង បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកលោក បៃដិន បានចុះហត្ថលេខា លើបញ្ជាប្រតិបត្តិ ដែលនាំប្រទេសរបស់លោក ត្រឡប់ទៅកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការ ប្រែប្រួលអាកាសធាតុ ដោយងាកទៅរកការសម្រេចចិត្ត មុនរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះបង់ ចោលកិច្ចព្រមព្រៀងនេះ។
លោកបានឲ្យដឹង មុនពេលចុះហត្ថលេខាថា“ យើងនឹងប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ តាមរបៀបដែលយើងមិនទាន់ បានធ្វើកន្លងមក” ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានស្វាគមន៍ ការប្រកាសថ្មី របស់រដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Guterres បានលើកឡើងថា“ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះជំហ៊ានរបស់ លោកប្រធានាធិបតី ចូ បៃដិន ដើម្បីចូលជាថ្មីក្នុងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការផ្លាស់ប្តូរអាកាសធាតុ និងចូលរួមជាមួយរដ្ឋាភិបាលក្រុង, រដ្ឋ, ធុរកិច្ច និងប្រជាជន ដែលកំពុងបង្កើនសកម្មភាព ប្រកបដោយមហិច្ឆតា ដើម្បីប្រឈមនឹងវិបត្តិ អាកាសធាតុ៕