ព័ត៌មានអន្តរជាតិ

ពលរដ្ឋសិង្ហបុរី ប្រមាណជាង ៦០.០០០នាក់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលើកដំបូង

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានថ្លែងកាលពីថ្ងៃសុក្រថា ពលរដ្ឋសិង្ហបុរី ប្រមាណជាង៦០.០០០នាក់ បានទទួលការចាក់វ៉ាក់សាំង កម្រិតដំបូង របស់ពួកគេ ប្រឆំាងនឹងជំងឺកូវីដ១៩ ។

លោក Gan Kim Yong បានថ្លែង នៅក្នុង សន្និសីសារព័ត៌មានមួយថា “ចំនួនទាំងនេះត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលយើងបន្តប្រតិបត្តិការ និងបង្កើនសមត្ថភាព ក្នុងការចាក់វ៉ាក់សាំង ទន្ទឹមនឹងនេះដែរ វាជាការរក្សាបាននូវ កម្រិតសុវត្ថិភាពខ្ពស់បំផុត តាមលក្ខណៈស្តង់ដារ” ។

ប្រទេសសិង្ហបុរី បានកំណត់យក មជ្ឈមណ្ឌលចំនួន៤ សម្រាប់ធ្វើការចាក់វ៉ាក់សាំង ។ លើសពីនេះ ក្រុងនិងរដ្ឋជាច្រើន ក៏ត្រូវបានគេរៀបចំដើម្បីជ្រើសរើសយក ទីតំាងសម្រាប់ចាក់វ៉ាក់សាំង នៅក្នុងបណ្តាពហុគ្លីនិក និងគ្លីនិកផ្សេងៗផងដែរ ។

លោក Gan បានលើកឡើងថា ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមជំហានដំបូង របស់ខ្លួន ក្នុងការចាក់វ៉ាក់សាំង សម្រាប់សហគមន៍ នៅសប្តាហ៍ក្រោយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top