ព័ត៌មានអន្តរជាតិ

សភាអាមេរិក នឹងបញ្ជូនអត្ថបទស្ដីពី បទចោទប្រកាន់ លើលោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភា នៅដើមសប្ដាហ៍ក្រោយ

វ៉ាស៊ីនតោន៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកលោក Charles Schumer បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សភានឹងបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ប្រឆាំង នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់សភាជាន់ខ្ពស់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែលបង្កការត្រៀមរៀបចំ សម្រាប់ការជំនុំជម្រះ ដែលអាចចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយ។

លោក Schumer បានលើកឡើងថា “ កុំច្រឡំអីការកាត់ក្តី នឹងត្រូវធ្វើឡើង នៅព្រឹទ្ធសភា សហរដ្ឋអាមេរិក ហើយនឹងមានការបោះឆ្នោតថា តើត្រូវផ្តន្ទាទោស ប្រធានាធិបតី ឬអត់។ ខ្ញុំបានជជែកជាមួយ លោកស្រី Pelosi ដែលបានប្រាប់ខ្ញុំថា អត្ថបទនឹងត្រូវបញ្ជូន ទៅព្រឹទ្ធសភានៅថ្ងៃច័ន្ទ “។ លោក Schumer បានលើកឡើងថា “វានឹងក្លាយជាការជំនុំជម្រះ ពេញលេញមួយ” ។

លោក Mitch McConnell មេដឹកនាំព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានស្នើថាការចោទប្រកាន់ ការចោទប្រកាន់របស់លោក ត្រាំ ត្រូវបានពន្យារពេល រហូតដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់លោក ដើម្បីត្រៀមការពារ។

សេចក្តីប្រកាសរបស់លោក Schumer បានកំណត់ពេលវេលាថ្មី សម្រាប់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការឈានដល់កិច្ចព្រមព្រៀង ដែលជាប់គាំងជុំវិញ ការចែកអំណាចរបស់ព្រឹទ្ធសភា ព្រោះភ័ស្តុតាងចោទប្រកាន់ គឺជាផ្នែកមួយ នៃការចរចារទូលំទូលាយ ដែលរួមមានប្រធានបទ ដូចជាឯកសារជាដើម៕ ដោយ៖​ ឈូក បូរ៉ា

To Top