ព័ត៌មានអន្តរជាតិ

ណាតូ ស្វាគមន៍ឆន្ទៈ របស់អាមេរិក ក្នុងបន្ដសន្ធិសញ្ញាត្រួតពិនិត្យ អាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី ៥ឆ្នាំទៀត

ព្រុចសែល៖ អង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កាលពីថ្ងៃសុក្រ បានស្វាគមន៍ ចំពោះចេតនាថ្មី របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបន្តសន្ធិសញ្ញាទ្វេភាគី ជាមួយរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ស្តីពីការកាត់បន្ថយ និងការដាក់កម្រិត នៃអាវុធវាយលុកយុទ្ធសាស្ត្រ នុយក្លេអ៊ែរ។

សន្ធិសញ្ញា កាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី (START) ដែលកំណត់ សម្រាប់ប្រទេសទាំងពីរ ក្នុងការដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរ រហូតដល់ទៅ ១៥៥០ នឹងត្រូវផុតកំណត់ នៅខែកុម្ភៈ ហើយអាវុធនុយក្លេអ៊ែរ អាមេរិក និងរុស្ស៊ី នឹងមិនត្រូវបានត្រួតពិនិត្យ ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧២ ប្រសិនបើគ្មានការពន្យារពេល ត្រូវបានចរចាឡើងវិញនោះទេ។

ប្រធានអង្គការណាតូលោក Jens Stoltenberg បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីហ្សកហ្ស៊ី Salome Zourabichvili ថា “ខ្ញុំសូមស្វាគមន៍ ចំពោះការប្រកាស របស់ប្រធានាធិបតីលោក បៃដិន និងចេតនារបស់លោក ក្នុងការស្វែងរក ការពង្រីកសន្ធិសញ្ញា START ថ្មីមួយ” ។

លោក Stoltenberg បានបន្ថែមទៀតថា “ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនគួរបញ្ចប់ នៅក្នុងស្ថានភាពមួយ ដែលយើងគ្មានកិច្ចព្រមព្រៀង និងគ្មានដែនកំណត់ លើចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរឡើយ”៕ ដោយ៖​​ ឈូក បូរ៉ា

To Top