វ៉ាស៊ីនតោន៖ លេខាធិការព័ត៌មាននៃសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងចាប់ផ្តើមពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ប្រទេសនេះ ទៅលើប្រទេសកូរ៉េខាងជើង ក្នុងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត ដូចជាប្រទេសជប៉ុនជាដើម។
ដោយហៅសកម្មភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងច្បាស់ជានៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរារាំងកូរ៉េខាងជើង” ។
លោកស្រីបន្ដថា “យើងនឹងអនុម័តនូវយុទ្ធសាស្រ្តថ្មីមួយ ដើម្បីការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ឲ្យមានសុវត្ថិភាព។ វិធីសាស្រ្តនោះនឹងចាប់ផ្តើមដោយការត្រួតពិនិត្យគោលនយោបាយយ៉ាងហ្មត់ចត់ទៅលើស្ថានភាពនៅកូរ៉េខាងជើង ដោយពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀត លើជម្រើសសម្ពាធ ដែលកំពុងបន្ត និង សក្តានុពល សម្រាប់ការទូតនាពេលអនាគត។
លោកដូណាល់ ត្រាំ ដែលជាអ្នកកាន់តំណែងមុនរបស់លោក បៃដិន បានចូលរួមក្នុងកិច្ចពិភាក្សាការទូតកំពូល ដែលមិនធ្លាប់មានពីមុនមក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយបានជួបលោកចំនួន ៣ដងនៅឆ្នាំ២០១៨ និងឆ្នាំ ២០១៩ ក្នុងក្តីសង្ឃឹមបញ្ចុះបញ្ចូលប្រទេសនេះ ដើម្បីបោះបង់ចោលការស្វែងរកអាវុធនុយក្លេអ៊ែរ៕
ដោយ ឈូក បូរ៉ា