ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកជំងឺកូវីដ១៩ បានស្លាប់ម្នាក់ទៀត និងបានរកឃើញអ្នកឆ្លងថ្មីជិត ២០០នាក់

បរទេស៖ ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៣ ខែមករានេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ម្នាក់ទៀត ដូច្នេះសរុបអ្នកស្លាប់ក្នុងប្រទេសនេះ គឺកើនឡើងដល់ ៧២នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ១៩៨នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ១៨០នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ នៅប្រទេសថៃ សរុប ៧២នាក់ និងអ្នកឆ្លងសរុប ១៣ ៣០២ នាក់។

លោក Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យ មជ្ឈមណ្ឌលរដ្ឋបាលស្ថាន Covid-19 បាននិយាយថា បុរសដែលស្លាប់នោះ គឺមានអាយុ ៨១ ឆ្នាំ ដែលសមាជិកគ្រួសាររបស់គាត់បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីគាត់បានទៅ ខេត្តសាមុតសាខន កាលពីថ្ងៃទី ៣១ ខែធ្នូ ហើយគាត់បានស្លាប់កាលពីថ្ងៃសុក្រ។

សូមជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១៣.៣០២ ករណី ក៏មានអ្នកជំងឺដែលបានព្យាបាលឱ្យជាសះស្បើយមានចំនួន ១០ ៤៤៨ (៧៨.៥%) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២ ៧៨២ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top