បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសលោកមានសុទិដ្ឋិនិយមថា នឹងមានចំណងមិត្តភាពល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន និងថា ខ្លួននឹងបន្តពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Arabiya TV ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា “ខ្ញុំមានសុទិដ្ឋិនិយម ប្រទេសអារ៉ាប៊ីសាអូឌីត បានកសាងចំណងមិត្តភាពរឹងមាំជាប្រវត្តិសាស្ត្រ ជាទីដែលខ្លួនបានធ្វើការងារជាមួយរដ្ឋបាលផ្សេងៗគ្នា។ យើងនឹងបន្តធ្វើរឿងនោះ ដូចគ្នាជាមួយលោកប្រធានាធិបតី បៃដិន”។
គួរបញ្ជាក់ថា នៅក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃដិន បានប្តេជ្ញាធ្វើការវាយតម្លៃជាថ្មីនូវចំណងមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត ហើយលោកបានមានប្រសាសន៍ថា លោកនឹងប្រកាន់គោលជំហរកាន់តែម៉ឺងម៉ាត់ឡើង លើកំណត់ត្រាសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីត និងសង្គ្រាមប្រកបដោយមហន្តរាយនៅយេម៉ែន៕
ប្រែសម្រួល៖ប៉ាង កុង