ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ផ្តន្ទាទោសបុរសម្នាក់ ជាប់គុក ១០៥០ឆ្នាំ ដោយសាររំលោភ កូនស្រីចុងខ្លួនឯង ១០៥ដង

បរទេស៖ តុលាការប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ (២៧ មករា) បានកាត់ទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគាររហូតដល់ ១ ០៥០ ឆ្នាំ ពីបទរំលោភកូនស្រីចុង របស់ខ្លួនឯងចំនួន ១០៥ ដង ក្នុងរយៈពេលពីរឆ្នាំ ។ បុរសដែលមិនត្រូវបានគេប្រាប់ឈ្មោះ ក៏នឹងត្រូវពិន័យបន្ថែម ដោយវាយចំនួន ២៤ ផ្តៅផងដែរ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ចៅក្រម M Kunasundary បានបញ្ជាឱ្យដាក់គុន បុរសនោះ ១០ ឆ្នាំ និង វាយចំនួន ២ ផ្តៅ ចំពោះបទចោទប្រកាន់រំលោភនីមួយៗ ដោយទោសនេះ នឹងដំណើរការទៅមុខជាបន្តបន្ទាប់ ចាប់ពីថ្ងៃចាប់ខ្លួន នៅថ្ងៃទី ២០ ខែមករា។

កិច្ចដំណើរការនីតិវិធី របស់តុលាការនៅថ្ងៃពុធ ចំណាយពេលជិត ៥ ម៉ោង បន្ទាប់ពីបទចោទនីមួយៗ ត្រូវបានអានដាច់ដោយឡែក។

លោក Kunasundary បាននិយាយថា បទល្មើសនេះមិនត្រឹមតែជាអំពើអាក្រក់ប៉ុណ្ណោះទេ វាគួរអោយស្អប់ខ្ពើមនិងបានធ្វើឱ្យប៉ះពាល់ ដល់អនាគតកូន ដែលមានអាយុ ១២ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top