បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានប្រើភាសាមុតស្រួច ចំពោះតៃវ៉ាន់ ដោយព្រមានក្រោយបង្កើន សកម្មភាពយោធាថ្មីៗនេះ នៅជិតកោះតៃវ៉ាន់នោះថា ឯករាជ្យមានន័យថា សង្គ្រាម និងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងធ្វើសកម្មភាពឆ្លើយតប ចំពោះការបង្កហេតុ និងការជ្រៀតជ្រែកពីបរទេស។
ប្រទេសចិនជឿជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់តៃវ៉ាន់ គឺកំពុងតែនាំកោះតៃវ៉ាន់ ឆ្ពោះទៅរកការប្រកាស ឯករាជ្យផ្លូវការ បើទោះជាប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយដដែលៗថា តវ៉ាន់ជាប្រទេសឯករាជ្យ រួចទៅហើយ ដែលមានឈ្មោះហៅផ្លូវការថា សាធារណរដ្ឋចិន។
នៅពេលត្រូវគេសួរ នៅក្នុងសន្និសីទកាសែតប្រចាំខែ ស្តីពីសកម្មភាពថ្មីៗនេះរបស់កងកម្លាំងទ័ពអាកាស មន្ត្រីនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា កោះតៃវ៉ាន់ គឺជាទឹកដីដាច់ដោយឡែកមួយ របស់ប្រទេសចិន។
លោកបាននិយាយថា “សកម្មភាពយោធាចិន ដែលកងទ័ពរំដោះប្រជាជនចិនធ្វើឡើង នៅច្រកសមុទ្រតៃវ៉ាន់ គឺជាសកម្មភាពដ៏ចាំបាច់ ដើម្បីដោះស្រាយសន្តិសុខ បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ និងដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ”៕
ប្រែសម្រួល៖ប៉ាង កុង