បរទេស៖ នៅថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថានលោក Imran Khan បានថ្លែងថាប្រទេសរបស់លោក នឹងរំពឹងថាអាចទទួលបានជំនួយជាច្រើនពីសំណាក់ប្រទេសចិន ដើម្បីអាចបង្កើនសមត្ថភាព នៃវិស័យកសិកម្មដែលវាស្ថិតនៅក្រោមផ្នែកមួយនៃក្របខ័ណ្ឌរបៀងសេដ្ឋកិច្ចចិន – ប៉ាគីស្ថានឬ CPEC។
លោកបានបន្តថារដ្ឋាភិបាលប៉ាគីស្ថាន កំពុងសហការជាមួយប្រទេសចិនក្នុងការរៀនសូត្រពីគ្នា នូវបច្ចេកទេសកសិកម្មក្រោមគម្រោងរបស់ CPECដើម្បីលើកកម្ពស់ទិន្នផលដំណាំការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការបន្ថែមតម្លៃផលិតកសិកម្មផងដែរ។
លោក Khan បានបញ្ជាក់ទៀតថាការផលិតដំណាំ និងផលិតផលទឹកដោះគោនៅប្រទេសចិនមានចំនួនច្រើនជាង ប្រទេសប៉ាគីស្ថានដោយសារតែការស្រាវជ្រាវនិងបច្ចេកវិទ្យាជឿនលឿនដូចនេះ ការរៀនសូត្រពីចិនគឺជារឿងដ៏ត្រឹមត្រូវបំផុត។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារកន្លងមកប្រទេសចិន និងប្រទេសប៉ាគីស្ថានទើបតែបានចុះហត្ថលេខាក្នុងការបង្កើតប្រព័ន្ធអនឡាញមួយ ដែលអាចប្រមូលនិងបង្ហាញពីព័ត៌មាននៃទិន្នផលរបស់កិច្ចសហប្រតិបត្តិការ ផ្នែកវិស័យកសិកម្មរវាងប្រទេសទាំងពីររួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី