បរទេស៖ របាយការណ៍ថ្មីមួយរបស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) បានកំណត់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចំណាយថវិកាប្រមាណ ២០០ លានដុល្លារ ដើម្បីបញ្ជូនម៉ាស៊ីនបំពង់ខ្យល់អ៊ុកស៊ីហ្សែន ចំនួន ៨ ៧០០ នៅក្រៅប្រទេស ដើម្បីជួយប្រទេសដទៃទៀតចំពេលមានរលករាតត្បាតដំបូងនៃជំងឺកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា GAO បានរកឃើញថាគំនិតផ្តួចផ្តើមនេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់សេតវិមាន ហើយមានតិចតួចទេប្រសិនបើមានការចូលរួមពីមន្រ្តីនៅទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលទទួលបន្ទុកអនុវត្តការផ្តល់ជំនួយ ទៅអង្គភាពបរទេស។
របាយការណ៍បាននិយាយថា “ យោងតាមទីភ្នាក់ងារ USAID បុគ្គលិករបស់ NSC បានទាក់ទងទៅទីភ្នាក់ងារ USAID នូវការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកទាក់ទងនឹងការបរិច្ចាគបំពង់ខ្យល់រួមទាំងប្រទេសអ្នកទទួល បរិមាណ និងអ្នកផលិត” ។ របាយការណ៍នេះដោយបន្ថែមថា “ កម្មវិធីបរិច្ចាគបំពង់ខ្យល់ មិនមែនជាផ្នែកមួយនៃយុទ្ធសាស្ត្រដំបូងរបស់ខ្លួនសម្រាប់ ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា