បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែ New START រយៈពេល៥ឆ្នាំបន្ថែម ជាមួយសហដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ការចុះហត្ថលេខារបស់លោកនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលមួយសប្ដាហ៍មុនសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ត្រូវផុតកំណត់នៅខែក្រោយ។
សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យព័ត៌មានវិមានក្រឹមឡាំង បាននិយាយថា “ការបន្តសន្ធិសញ្ញានេះ គឺស្របទៅតាមចំណាប់អារម្មណ៍ជាតិរុស្ស៊ី ក្នុងខណៈវាធ្វើឲ្យអាចទៅរួច ក្នុងការរក្សាតម្លាភាពនិងភាពអាចព្យាករទុកបាន ក្នុងចំណងមិត្តភាពយុទ្ធសាស្ត្រ រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក និងរក្សានូវស្ថិរភាពយុទ្ធសាស្ត្រពិភពលោក”។
គួរបញ្ជាក់ថា រដ្ឋសភារុស្ស៊ី បានផ្តល់ការអនុម័តយល់ព្រមរបស់ខ្លួន ចំពោះការបន្តនោះនៅដើមសប្ដាហ៍នេះ គឺលោក ពូទីន បានដាក់វាឲ្យទៅសមាជិករដ្ឋសភា ក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គាររបស់លោក ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕
ប្រែសម្រួល៖ប៉ាង កុង