ព័ត៌មានអន្តរជាតិ

ក្រុមការងារ WHO ជួបជជែកទាល់មុខគ្នា ជាមួយក្រុមអ្នកជំនាញចិន អំពីប្រភពដើម នៃមេរោគឆ្លងកូវីដ-១៩

វូហាន់៖ ក្រុងការងារអង្គការសុខភាពពិភពលោកបានចាប់ផ្តើមពិភាក្សាគ្នាទល់មុខគ្នាជាមួយក្រុមអ្នកជំនាញចិន អំពីដើមកំណើតនៃមេរោគឆ្លងកូវីដ-១៩ នៅកណ្តាលទីក្រុងវូហាន់ ដែលវាត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ២០១៩ ។

ក្រុមអង្គការសុខភាពពិភពលោក ដែលមានអ្នកជំនាញចំនួន ១០ នាក់គ្រោងនឹងទៅមើលផ្សារអាហារសមុទ្រមួយកន្លែង នៅទីក្រុងវូហាន់ ដែលមនុស្សជាច្រើនត្រូវបានគេអះអាងថា បានឆ្លងវីរុសនេះក្នុងពេលដំបូងនៃការផ្ទុះជំងឺនេះ។

 WHO បានឲ្យដឹងថា ក្រុមអ្នកជំនាញក៏គ្រោងនឹងធ្វើការពិនិត្យមន្ទីរពិសោធន៍ស្រាវជ្រាវមួយកន្លែងទៀតនៅក្នុងទីក្រុងផងដែរ ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា វីរុសនេះ ត្រូវបានធ្លាយចេញពីទីនោះដោយចៃដន្យ។

 ការផ្តោតសំខាន់គឺថាតើប្រទេសចិន នឹងបង្ហាញព័ត៌មានប៉ុន្មាន ព្រោះថារយៈពេលជាងមួយឆ្នាំ បានកន្លងផុតទៅហើយ ចាប់តាំងពីករណីឆ្លងដំបូងត្រូវបានគេប្រទះឃើញនៅទីក្រុងវូហាន់ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនដែលមានប្រជាជនប្រមាណ ១១ លាននាក់។

ទីផ្សារអាហារសមុទ្រ ដែលក្នុងនោះក៏រួមមានទាំងសត្វព្រៃដូចជាសត្វប្រចៀវ និងពស់ ក៏ត្រូវបានគេជួញដូរ និងប្រើប្រាស់ត្រូវបានបិទតាំងពីខែមករា ឆ្នាំ២០២០ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩នេះ។

ទន្ទឹមនឹងនេះដែរអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីឆ្នាំមុនថា លោកមានទំនុកចិត្តថាវីរុសនេះមានប្រភពចេញពីមន្ទីរពិសោធន៍ជំងឺឆ្លង ដោយបន្ថែមថា លោកអាចដាក់ទណ្ឌកម្មប្រទេសចិន ចំពោះការឆ្លើយតប ដែលមិនចេះរីងស្ងួត ដែលបណ្តាលឱ្យមានការរីករាលដាលនៃជំងឺរាតត្បាតនេះកើតឡើង៕

ដោយ ឈូក បូរ៉ា

To Top