ព័ត៌មានអន្តរជាតិ

Update: អ្នកនាំពាក្យ៖ ចាប់ខ្លួនលោកស្រី ស៊ូជី និងមេដឹកនាំសំខាន់ៗ ជារដ្ឋប្រហារយោធា

បរទេស៖ អ្នកនាំពាក្យម្នាក់បាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជី និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួន ត្រូវបានឃុំខ្លួន នៅថ្ងៃច័ន្ទនេះ។ អ្នកនាំពាក្យគណបក្សកាន់អំណាច គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថា លោកស្រីអ៊ុងសានស៊ូជី និងលោកនាយករដ្ឋមន្រ្តី Win Myint ត្រូវបានគេនាំខ្លួនកាលពីព្រឹកថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់អ្នកនាំពាក្យគឺលោក Myo Nyunt និយាយថា “ ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើង កុំឲ្យឆ្លើយតប ដោយប្រញាប់ប្រញាល់ ហើយខ្ញុំចង់ឲ្យពួកគេអនុវត្តតាមច្បាប់” ។

លោកបន្តថា “ តាមដែលយើងដឹង មនុស្សសំខាន់ៗទាំងអស់ត្រូវបានចាប់ខ្លួនដោយយោធាភូមា។ ដូច្នេះឥឡូវនេះយើងអាច និយាយបានថា វាជារដ្ឋប្រហារ។ នៅទីក្រុង ណៃពិដោរ លោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួន។ ប៉ុន្តែយើងមិនច្បាស់ អំពីសមាជិកសភា នៅក្នុងបរិវេណ សាលាក្រុងទេ ប៉ុន្តែយើងអាចសន្មត់ថាពួកគេ ត្រូវបានចាប់ខ្លួនផងដែរ” ។

សូមជម្រាបថា ការប្រកាសនេះធ្វើឡើង នៅពេលដែលយោធាមីយ៉ាន់ម៉ា បានច្រានចោលពាក្យចចាមអារាមថា ខ្លួននឹងធ្វើរដ្ឋប្រហារ។ ប៉ុន្តែភាពតានតឹងបានកើនឡើង នៅក្នុងប្រទេសនេះ ចាប់តាំងពីគណបក្សកាន់អំណាច បានប្រកាសជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ខែវិច្ឆិកា ដែលត្រូវបានបំពេញ ដោយការសង្ស័យ និងការអះអាង នៃការក្លែងបន្លំ ដោយយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top