ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ចោទរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ក្លែងបន្លំសន្លឹកឆ្នោត និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ១ឆ្នាំ

យ៉ាំងហ្គោន៖ អ្នកនាំពាក្យរដ្ឋមីយ៉ាន់ម៉ាបានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក U Win Myint និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយយោធា ដោយចោទរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ក្លែងបន្លំសន្លឹកឆ្នោត និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ១ឆ្នាំ។

អ្នកនាំពាក្យបានឲ្យដឹងថា “ខ្ញុំទទួលបានរបាយការណ៍ផ្ទៃក្នុងអំពីទីប្រឹក្សារដ្ឋ និងប្រធានាធិបតីរបស់យើង ដែលត្រូវបានចាប់ខ្លួនដោយយោធា។ តាមអ្វីដែលខ្ញុំបានទទួលដឹងរដ្ឋមន្រ្តីក្រសួងផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋ U U Ny Nyunt Lwin ប្រធានគណបក្ស NLD របស់រដ្ឋ Kayah, លោក Thaung ប្រធានគណបក្ស NLD និងតំណាងគណបក្ស NLD ខ្លះនៃសភាតំបន់ Ayeyarwady ក៏ត្រូវបានគេឃុំខ្លួនផងដែរ” ។

លោកបានបញ្ជាក់ថា “សមាជិកពីររូបនៃគណៈកម្មាធិការ ប្រតិបត្តិកណ្តាលនៃគណបក្សនេះ ត្រូវបានគេនាំខ្លួនទៅហើយ ខ្ញុំក៏កំពុងរង់ចាំការឃុំខ្លួនផងដែរ ខណៈដែលសមាជិករបស់ យើងត្រូវបានជូនដំណឹងថា វេនរបស់ខ្ញុំនឹងមកដល់ឆាប់ៗនេះ”។

គួរបញ្ជាក់ថា ទូរទស្សន៍យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានប្រកាសពីភាពអាសន្ន នៅក្នុងប្រទេសនេះអស់រយៈពេលមួយឆ្នាំ បន្ទាប់ពីមេដឹកនាំរដ្ឋាភិបាលត្រូវបាន ឃុំខ្លួននៅព្រឹកថ្ងៃដដែលនេះ ៕

ដោយ ឈូក បូរ៉ា

To Top