ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងដាក់ពាក្យចូលរួម ជាដៃគូ ពាណិជ្ជកម្មសេរី ក្នុងប្លុកអាស៊ីប៉ាស៊ីហ្វិក

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថាចក្រភពអង់គ្លេស នឹងដាក់ពាក្យចូលរួមក្នុង តំបន់ពាណិជ្ជកម្មសេរីប៉ាស៊ីហ្វិក ក្នុងភាពជាដៃគូ គ្រប់ជ្រុងជ្រោយ និងជឿនលឿន ឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ដែលចក្រភពអង់គ្លេស ស្ថិតនៅក្រោមផែនការចុងក្រោយ នៃការចាកចេញពីសហភាពអឺរ៉ុប (Brexit) ។

លោកស្រី Liz Truss រដ្ឋមន្រ្តីពាណិជ្ជកម្ម អន្ដរជាតិអង់គ្លេស បានស្នើសុំជាផ្លូវការ នូវសមាជិកភាព របស់ចក្រភពអង់គ្លេស នៃប្លុកពាណិជ្ជកម្មសេរី ដែលតំណាងឱ្យប្រទេសចំនួន១១ នៅតំបន់ប៉ាស៊ីហ្វិក រួមមានប្រទេសអូស្ត្រាលី កាណាដា ឈីលី ជប៉ុន ម៉ិកស៊ិក និងវៀតណាម នៅថ្ងៃច័ន្ទ ។ ពាក្យសុំចូលរួម CPTPP នឹងមានរយៈពេលមួយឆ្នាំបន្ទាប់ពីអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការ បន្ទាប់ពីបានធ្វើសមាជិកជាង៤០ឆ្នាំមកនេះ ។ នាយកដ្ឋានពាណិជ្ជកម្ម បានឲ្យដឹងថា ការចរចារវាងចក្រភពអង់គ្លេស និងភាពជាដៃគូត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ ។

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានមានថ្លែងថា “រយៈពេលមួយឆ្នាំបន្ទាប់ពីការចាកចេញរបស់យើងពីសហភាពអឺរ៉ុប យើងកំពុងបង្កើតភាព ជាដៃគូថ្មីដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់ប្រជាជនអង់គ្លេស” ។

លោកបានថ្លែងទៀតថា “ការដាក់ពាក្យសុំធ្វើជាប្រទេសថ្មីដំបូងគេក្នុងការចូលរួមជាមួយ CPTPP បង្ហាញពីមហិច្ឆតារបស់យើងក្នុងការធ្វើជំនួញដោយមានលក្ខខណ្ឌល្អបំផុតជាមួយមិត្តភក្តិ និងដៃគូរបស់យើងនៅទូទាំងពិភពលោក និងក្លាយជាម្ចាស់ជើងឯកនៃពាណិជ្ជកម្មសេរីសកលផងដែរ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top