ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចប់ដំណើរការផ្ដល់ សច្ចាប័នលើសន្ធិសញ្ញាកាត់បន្ថយ អាវុធនុយក្លេអ៊ែរជាមួយអាមេរិក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីផ្តល់សច្ចាប័នដល់ការបន្តរយៈពេល ៥ ឆ្នាំនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (NEW START) ថ្មីជាមួយសហរដ្ឋអាមេរិក។

វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រយៈពេលនៃសុពលភាព របស់សន្ធិសញ្ញាខាងលើនេះ នឹងត្រូវពន្យារដល់ ៥ ឆ្នាំដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

សភារុស្ស៊ីបានអនុម័ត លើការពង្រីកកតិកាសញ្ញា ត្រួតពិនិត្យអាវុធសំខាន់ៗកាលពីថ្ងៃពុធ។ ហើយនៅដើមសប្តាហ៍នេះ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនបានឯកភាព លើការពន្យាពេលក្នុងទម្រង់នៃ ការផ្លាស់ប្តូរកំណត់សំគាល់ការទូត។

ការពង្រីកសន្ធិសញ្ញាបំពេញ នូវផលប្រយោជន៍ជាតិរបស់ ប្រទេសរុស្ស៊ីដែលធ្វើឱ្យវាអាចការពារតម្លាភាព និងការព្យាករណ៍របស់រុស្ស៊ី – សហរដ្ឋអាមេរិក។ វិមានក្រឹមឡាំងបានឲ្យដឹងថា ទំនាក់ទំនងជាយុទ្ធសាស្ត្រ ជួយរក្សាស្ថិរភាពយុទ្ធសាស្ត្រ នៅលើពិភពលោក ជះឥទ្ធិពលជាវិជ្ជមានដល់ស្ថានភាពអន្តរជាតិ និងរួមចំណែកដល់ដំណើរការ ដកហូតអាវុធនុយក្លេអ៊ែរ។

នៅឆ្នាំ២០១០ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកម្មវិធី NEW START ដែលចែងអំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្រដោយទាំងពីរ ៕

ដោយ ឈូក បូរ៉ា

To Top