ព័ត៌មានអន្តរជាតិ

ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ត្រូវបានប្រកាសឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធាមីយ៉ាន់ម៉ា បានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាមានអាសន្នកាលពីថ្ងៃចន្ទ ។

សេចក្តីថ្លែងការណ៍ចេញ ដោយយោធាបានដាក់ថា ស្ថិតក្រោមការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ សហភាពរដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីចំនួន ១១រូប ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្ត្រីចំនួន ២៤រូប ត្រូវបានដកចេញពីតំណែងរបស់ពួកគេ ។

យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយយោធា បានដាក់ថា ប្រធានចៅក្រមសហព័ន្ធ និងចៅក្រមនៃតុលាការសហព័ន្ធជាន់ខ្ពស់ ប្រធានចៅក្រម និងចៅក្រមប្រចាំតំបន់ ឬតុលាការរដ្ឋជាន់ខ្ពស់ ត្រូវបានអនុញ្ញតឲ្យ នៅកាន់មុខតំណែងដដែល ។

សមាជិកនៃគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការ សិទ្ធិមនុស្សជាតិរបស់មីយ៉ាន់ម៉ា ក៏នឹងត្រូវរក្សាមុខតំណែងផងដែរ ។

សេចក្តីថ្លែងការណ៍បានដាក់ថា ប្រធាន និងសមាជិកនៃក្រុមប្រឹក្សា ណៃពិដោរ និងក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាកម្មស៊ីវិល នឹងត្រូវដកចេញពីមុខតំណែងរបស់ពួកគេ ទន្ទឹមនឹងនេះដែរ ប្រធានថ្មីចំនួន ១រូប នឹងត្រូវតែងតាំងសម្រាប់ ក្រុមប្រឹក្សាភិបាលនេះ ។

ការរុះរើនេះដែរ បានធ្វើឡើង ក្រោយពីការិយាល័យរបស់ប្រធានាធិបតី បានប្រកាសដាក់រដ្ឋស្ថិតក្នុង គ្រាអាសន្នរយៈពេលមួយឆ្នាំ និងនីតិបញ្ញតិ នីតិប្រតិបត្តិ និងអំណាចតុលាការ ត្រូវបានប្រគល់ឲ្យមេបញ្ជាការយោធាគ្រប់គ្រង កាលពីព្រឹកថ្ងៃចន្ទ ។

មេដឹកនាំមីយ៉ាន់ម៉ា ក្នុងនោះរាប់ទាំង ក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី ប្រធានាធិបតី U Win Myint និងរដ្ឋមន្ត្រីប្រចាំតំបន់ ព្រមទាំងសមាជិកនៃគណៈកម្មាធិការ ប្រតិបត្តិថ្នាក់កណ្តាល មកពីគណៈកាន់អំណាច សម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាតិ (NLD) ត្រូវបានចាប់ខ្លួនដោយយោធា កាលពីប៉ុន្មានម៉ោង កាលពីថ្ងៃចន្ទ ។

យោធាក៏បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ (UEC)នឹងត្រូវធ្វើការផ្លាស់ប្តូរដែរ និងដំណើរការនៃការបោះឆ្នោត នៅក្នុងរដ្ឋសភា ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន នឹងត្រូវធ្វើការឆ្លុះបញ្ចាំងឡើងវិញ ស្របតាមច្បាប់ក្នុងអំឡុងពេល រដ្ឋស្ថិតក្នុងគ្រាអាសន្ន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top