បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិន នៅថ្ងៃអង្គារនេះ បានស្នើឲ្យទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដាក់ចំណងមិត្តភាពឲ្យមកលើផ្លូវ អាចព្យាករបាននិងមានអំណោយផលល្អវិញ ដោយនិយាយថា សហរដ្ឋអាមេរិកគួរតែឈប់ជ្រៀតជ្រែ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូចជាបញ្ហាហុងកុងនិងទីបេ។
គួរបញ្ជាក់ថា លោក Yang Jiechi ជាប្រធាននៃគណៈកម្មាធិការ កិច្ចការបរទេសកណ្ដាល របស់បក្សកុម្មុយនិស្តចិន គឺជាមេដឹកនាំចិនជាន់ខ្ពស់បំផុត ដែលបាននិយាយអំពីចំណងមិត្តភាព រវាងសហដ្ឋអាមេរិកនិងចិន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងមក។
នៅក្រោមរដ្ឋបាលលោក ត្រាំ ចំណងមិត្តភាពអាមេរិកជាមួយចិន បានធ្លាក់ចុះជាខ្លាំងដល់ចំណុចទាបបំផុត ចាប់តាំងពីការបង្កើត ចំណងមិត្តភាពការទូត នៅក្នុងឆ្នាំ១៩៧៩មក ដោយភាគីទាំងពីរ បានប៉ះទង្គិចគ្នា ជុំវិញបញ្ហានានា មានចាប់តាំងពីរឿងជំនួញ និងបច្ចេកវិទ្យា ដល់បញ្ហាហុងកុង តៃវ៉ាន់ និងតំបន់ស៊ីនជាំង ព្រមទាំងបញ្ហាដែនសមុទ្រចិនខាងត្បូង។
ទន្ទឹមនឹងការអះអាង ចំពោះអាមេរិកជាថ្មីថា ប្រទេសចិនគ្មានបំណងប្រជែង ឬក៏ជំនួញតំណែងអាមេរិក នៅក្នុងពិភពលោកនោះ លោក Yang Jiechi បានសង្កត់ធ្ងន់ថា គ្មានកម្លាំងណាមួយ អាចធ្វើឲ្យការអភិវឌ្ឍ របស់ប្រទេសចិនថយក្រោយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
