ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីទើបជាប់ឆ្នោតសារជាថ្មី វៀតណាម ប្តេជ្ញាប្រឆាំងអំពើពុករលួយ ដោយមិនរើសមុខ និងគ្មានការលើកលែង

ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីទើបជាប់ឆ្នោតជាថ្មី គឺលោកង្វៀនភូត្រុង បានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងធ្វើជាយូរ ពិបាក និងត្រូវធ្វើឱ្យបានខ្លាំងក្លា។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានថ្លែងបែបនេះ គឺនៅក្នុងសន្និសីទកាសែត មួយដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ដើម្បីប្រកាសលទ្ធផលនៃសមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម។

ឆ្លើយតបនឹងសំណួរអំពីការប្រយុទ្ធប្រឆាំង អំពើពុករលួយដែលកំពុងបន្តក្នុងអាណត្តិថ្មី លោក ង្វៀន ភូត្រុង បាននិយាយថា នេះជាបញ្ហាដែលគ្រប់ប្រទេស ទាំងអស់ត្រូវដោះស្រាយ។ វាអាចកើតឡើងគ្រប់ពេល ប៉ុន្តែអាចកើតឡើងលើវិសាលភាព ធំទូលាយឬតូចចង្អៀត។ លោកបន្តថា វាងាយស្រួលសម្រាប់អ្នក ដែលមានអំណាចឬឋានៈ ខ្ពស់ក្នុងការប្រព្រឹត្តអំពីពុករលួយ ឬធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ក្រុមណាមួយ។

ចាប់តាំងពីការធ្វើយុទ្ធនាការប្រឆាំង អំពើពុករលួយបានចាប់ផ្តើមក្នុងឆ្នាំ ២០១៣ សមាជិកគណៈកម្មាធិការកណ្តាល បក្សនិងសមាជិកការិយាល័យ នយោបាយមួយចំនួន ត្រូវបានជាប់ពន្ធនាគារនិង ទ្រព្យសម្បត្តិរបស់ពួកគេដែលមាន រហូតដល់ទៅរាប់ពាន់លានដុង ត្រូវបានរឹបអូសយក។

ប្រធានាធិបតីទើបជាប់ឆ្នោតសារជាថ្មីរបស់វៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងត្រូវធ្វើមិនឈប់ឈរឡើយ ទោះជនជាប់ចោទជានរណា ក៏ដោយហើយក៏មិនមានករណីលើកលែងដែរ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top