ព័ត៌មានអន្តរជាតិ

លោក បៃដិន ចុះហត្ថលេខាលើបទបញ្ជា ឲ្យគ្រួសារជួបជុំគ្នាវិញ នៅតាមព្រំដែនអាមេរិក និងម៉ិកស៊ិក

បរទេស៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិជាបន្តបន្ទាប់មួយ ឲ្យធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ដែលសេតវិមាននិយាយថា ត្រូវបានរចនាបង្កើតឡើង ដើម្បីឲ្យគ្រួសារជួបជុំគ្នា ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ និងសិក្សាអំពីការឆ្លងព្រំដែនដោយខុសច្បាប់។

នៅមុនពេលធ្វើការ ចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ លោក បៃដិន តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់អំពីចំនួននៃបទបញ្ជាប្រតិបត្តិ ដែលលោកធ្លាប់បានចុះហត្ថលេខា ចាប់តាំងពីឡើងកាន់តំណែងមក ដោយមានប្រសាសន៍ថា លោកនឹងមិនបង្កើតច្បាប់ថ្មី ប៉ុន្តែនឹងបំបាត់ចោលគោល នយោបាយអាក្រក់ចោល។

តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមរិកថ្មីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺស្តីអំពីវិធីដែលអាមេរិក កាន់តែមានសុវត្ថិភាព កាន់តែរឹងមាំ និងកាន់តែរីកចម្រើនខ្លាំងឡើង នៅពេលដែលយើងមាន ប្រព័ន្ធអន្តោប្រវេសន៍ស្របច្បាប់ ស្មើភាព មានរបៀបរៀបរយ និងមានលក្ខណៈមនុស្សធម៌” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top