Covid-19

ថ្ងៃទី៣ កុម្ភៈ ថៃបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧៩៥នាក់ថែមទៀត

បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី ឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ៧៩៥នាក់ថែមទៀត ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៧៨៣ នាក់ និងការនាំចូលចំនួន ១២ នាក់ ដែលធ្វើឱ្យប្រទេសនេះ មានអ្នកជំងឺកូវីដ១៩សរុប កើនឡើងដល់ ២១ ២៤៩ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ៧៨៣ នាក់នាក់ថ្មី គឺចំនួន ៧៥៩ ត្រូវបានរកឃើញនៅក្នុងសហគមន៍ នៃខេត្តសាមុតសាខន និង ២៤ករណីផ្សេងទៀត ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ។

សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១ ២៤៩ នាក់ ក្នុងនោះ អ្នកជំងឺដែលបានព្យាបាលឱ្យជាសះស្បើយមានចំនួន ១៤ ០០១ នាក់ (៦៥,៨%) , អ្នកជំងឺចំនួន ៧ ១៦៩ នាក់កំពុងទទួលការព្យាបាល និងអ្នកស្លាប់នៅតែមាន ៧៩ នាក់ ដដែល៕

ប្រែសម្រួលៈ ណៃ តុលា

To Top